បរទេស ៖ មន្ត្រីមន្ទីរបញ្ចកោណមួយរូបបាននិយាយកាលពីថ្ងៃអង្គារ ទី២១ មីនាឆ្នាំ២០២៣ថា សហរដ្ឋអាមេរិកគ្រោងនឹងពន្លឿនការបញ្ជូនរថក្រោះ Abrams ទៅកាន់ប្រទេសអ៊ុយក្រែន ដោយផ្តល់ឧបករណ៍សំខាន់ៗដល់រដ្ឋាភិបាលក្រុងគៀវ យ៉ាងយូរត្រឹមរដូវស្លឹកឈើជ្រុះខាងមុខ ដើម្បីការពារខ្លួនប្រឆាំងនឹងកងកម្លាំងទ័ពរុស្ស៊ី។
សហរដ្ឋអាមេរិក កាលពីខែមករា បានសន្យាផ្គត់ផ្គង់ឧបករណ៍យោធា ដល់អ៊ុយក្រែនជាមួយនឹងរថក្រោះ M1A2 Abrams កម្រិតខ្ពស់ចំនួន ៣១ គ្រឿង បន្ទាប់ពីការដកចេញជាច្រើនខែ នូវគំនិតនៃការដាក់ពង្រាយរថក្រោះពិបាកថែទាំនេះ ទៅកាន់អ៊ុយក្រែន ដែលត្រូវបានឈ្លានពានដោយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។
មន្ត្រីម្នាក់បាននិយាយថា ផែនការថ្មីនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រភេទរថក្រោះ M1A1 SA Abrams ដែលអាចដំណើរការលើប្រេងម៉ាស៊ូត ដូចកងរថក្រោះអ៊ុយក្រែន ភាគច្រើនដែរ។ ការផ្លាស់ប្តូរនេះក៏បង្កើនល្បឿននៃការចែកចាយប្រហែលមួយឆ្នាំផងដែរ ។ នេះបើយោងតាមជំនួយការម្នាក់របស់សភាដែលបានសង្ខេបអំពីបញ្ហានេះ។
លោកឧត្តមសេនីយ៍ ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណប្រាប់អ្នកសារព័ត៌មានថា «មន្ទីរបញ្ចកោណ នៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយអ៊ុយក្រែន បានធ្វើការសម្រេចចិត្តដើម្បីផ្តល់នូវរថក្រោះM1A1 Abrams ដែលនឹងអនុញ្ញាតឱ្យយើងពន្លឿនពេលវេលាចែកចាយយ៉ាងសំខាន់ និងផ្តល់សមត្ថភាពដ៏សំខាន់នេះដល់អ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ»។
កន្លងមក ក្រសួងការពារជាតិអាមេរិក មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ណាមួយដើម្បីផ្តល់រថក្រោះនេះទៅដល់ដៃអ៊ុយក្រែនទេ ដោយគ្រាន់តែនិយាយថា វានឹងចំណាយពេល «ច្រើនខែ»។ កាលពីថ្ងៃអង្គារ លោករ៉ាយឌ័របាននិយាយថា កាលបរិឆ្ឆេទកាលពីមុនគឺមានរយៈពេលលើសពីមួយឆ្នាំ៕( ប្រែសម្រួលដោយ លោកសំណាង)