ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាង រថភ្លេីងដឹកអ្នកដំណើរជាមួយរថយន្តធុនធំមួយគ្រឿង កំពុងបើកឆ្លងផ្លូវរថភ្លើងបណ្តាលឱ្យរថយន្តប៉ើងក្រឡាប់ រងរបួស៤នាក់ កើតឡើងនៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំមានផ្លូវរថភ្លើងឆ្លងកាត់ ម្តុំឡើងថ្មដំរី ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្ដ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-7015 បើកបរដោយឈ្មោះ រើ ជីវ័ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី និង អ្នករួមដំណើរឈ្មោះ កែវ ពិសិដ្ឋភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមេការរថយន្ដដឹកដី អ្នកទាំង០២ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ។
ចំណែករថភ្លើងជាប្រភេទដឹកអ្នកដំណើរ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោករាជធានីភ្នំពេញ និងអ្នករួមដំណើរលើរថភ្លើងសរុបចំនួន២២នាក់ ស្រី១១នាក់ ។
សមត្ថកិច្ចបន្តទៀតថា អ្នករងបួសក្នុងហេតុការណ៍ខាងលើនេះមាន៤នាក់រួមមាន ១-ឈ្មោះ រើ ជីវ័នភេទប្រុសអ្នកបើកបររថយន្ដ HYUNDAI (រងបួសធ្ងន់),២-ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អ្នករួមដំណើររថយន្ដ HYUNDAI(រងបួសធ្ងន់) អ្នកទាំង០២បានយកមកសង្គ្រោះនៅមន្ទីរពេទ្យបូកគោ ខេត្តកំពត ,៣-ឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុសអ្នកបើកបររថភ្លើង (រងបួសធ្ងន់ជើងខាងឆ្វេង)និង៤-ឈ្មោះ រុំ ភេទប្រុស អ្នករួមដំណើរក្នុងរថភ្លើង (រងបួសស្រាល) ៕ (ដោយ សំណាង៩៦)