កំពង់ស្ពឺ ៖ មានករណីអគ្គិភ័យ បុរសជាម្ចាស់ផ្ទះដុតឱ្យឆេះអស់មួយខ្នង ខណៈប្រពន្ធមិននៅផ្ទះ ហើយរត់បាត់ កើតឡើងនៅភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាល ពីវេលាម៉ោង ១និង៤០នាទីរសៀល ថៃ្ងចន្ទ ទី២០ ខែមីនាឆ្នាំ២០២៣ ។
សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះស៊ីម ប៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ(រត់បាត់) និងប្រពន្ធឈ្មោះហៀ ង ហេង មិននៅផ្ទះទៅធ្វើការ។ ផ្ទះដែលឆេះមានទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសីបណ្តាលឱ្យឆេះខូចខាតសម្ភារមួយចំនួន ឆេះគ្រែដេកចំនួនមួយ,ឆេះទូចំនួនមួយ,ឆេះពូកដេកចំនួនមួយ,អង្ករ២៥គីឡូក្រាម,ឆេះសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។
យោងតាមសេចក្ដីរាយការណ៍ពីសាក្សីបានប្រាប់សមត្ថកិច្ចថា បុរសម្ចាស់ផ្ទះឈ្មោះ ស៊ីម ប៉ាវ ជាអ្នកដុតដោយខ្លួនឯងដោយពុំដឹងអំពីមូលហេតុ ។ បន្ទាប់ពីធ្វេីសកម្មភាពរួចបានរត់គេចខ្លួនបាត់, ឯប្រពន្ធទៅធ្វើការ។
ករណីខាងលើនេះសមត្ថកិច្ចបានជួយអន្ដរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង អស់ទឹកចំនួន ១រថយន្តទេីបភ្លើងរលត់ទាំងស្រុង តែមិនបណ្ដាលឱ្យឆេះរាលដាលទៅផ្ទះពលរដ្ឋក្បែរគ្នាឡើយ៕(ដោយ សំណាង៩៦)