ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូហុងដាយ៉ាងលឿន សង្ស័យស្រវឹងបានរេចង្កូតទៅបុកខឿនថ្មចិញ្ចើមផ្លូវ បណ្តាលឱ្យផ្លោងទៅផ្ទប់នឹងថ្មកាឡា ពេញទំហឹង កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ 6A ចន្លោះស្ពានលេខ១០ និង១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខពោធិ៍សាត់1H-4693 បេីកបរតាមបណ្តោយផ្លូវជាតិលេខ៦Aទិសដៅពីត្បូងទៅជើង ។
ស្រាប់តែមកដល់ចំណុចកើតហេតុ ខាងលើក៏រេចង្កូត មកខាងស្តាំដៃទៅបុកខឿនថ្មចិញ្ចើមផ្លូវ ផ្លោងមនុស្សផ្ទប់នឹងថ្មការ៉ូឡាស្លាប់ភ្លាមៗ ,ចំណែកឯងម៉ូតូខ្ទាតចម្ងាយប្រហែល៥០ម៉ែត្រ ពីសាកសព ។ ចំណែកសពជនរងគ្រោះមិនបានស្គាល់ អត្តសញ្ញាណនោះទេ តាមភិនភាគ មានអាយុប្រហែលជាង២០ឆ្នាំ ស្លៀកខោខូវប៊យ ពណ៌ខៀវ ពាក់អាវសដៃវែង សម្បុរខ្មៅស្រអែម។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក ,ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕ដោយធ្នូជ័យ