បរទេស ៖ ប៉ូលិសនៅក្នុងរដ្ឋធានីប៉ាគីស្ថាន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ (Imran Khan) ជំនួយការរបស់គាត់ចំនួន ១៧ នាក់ និងអ្នកគាំទ្រជាច្រើននាក់ ដោយចោទប្រកាន់ពួកគេពីបទ«ភេរវកម្មនិងបទល្មើសជាច្រើនផ្សេងទៀត»កាលពីថ្ងៃអាទិត្យទី១៩មីនា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកគាំទ្ររបស់នាយករដ្ឋមន្ត្រីដែលគេបណ្តេញចេញពីតំណែងរូបនេះ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខក្នុងទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃសៅរ៍កន្លងទៅ ។
កាលពីថ្ងៃសៅរ៍ អ្នកគាំទ្ររបស់លោកខាន់ បានប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅតុលាការ អស់ជាច្រើនម៉ោងកន្លែងដែលអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបង្ហាញខ្លួនក្នុងសំណុំរឿងពុករលួយ។ ប៉ូលិសប្រឆាំងកុបកម្ម បានប្រើដំបងវាយនិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈក្រុមអ្នកគាំទ្ររបស់លោកខាន់បានគប់គ្រាប់បែកភ្លើងនិងគប់ដុំថ្មមកលើមន្ត្រីប៉ូលិស។
ចំណែកប៉ូលិសជាង៥០នាក់បានរងរបួស ប៉ុស្តិ៍ត្រួតពិនិត្យមួយរបស់ប៉ូលិស រថយន្ត និងម៉ូតូជាច្រើនគ្រឿងត្រូវបានដុតឆេះ។ ប៉ូលិសបាននិយាយថា «អ្នកគាំទ្ររបស់លោកខាន់ចំនួន ៥៩ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងអំពើហិង្សា»។
លោកអ៊ីមរ៉ាន់ ខាន់ ពិតជាមិនដែលបានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីប្រឈមមុខនឹងការចោទប្រកាន់ថា«គាត់បានលក់អំណោយរបស់រដ្ឋដែលទទួលបានក្នុងពេលកំពុងកាន់តំណែង និង បានលាក់បាំងទ្រព្យសម្បត្តិជាច្រើន»។
ពាក្យបណ្តឹងនានា ប្តឹងពីលោក ខាន់ ដែលបានដាក់កាលពីថ្ងៃអាទិត្យ ក៏បានចោទប្រកាន់សមាជិកសភាអតីតនិងបច្ចុប្បន្ន អតីតរដ្ឋមន្ត្រី អតីតប្រធានរដ្ឋសភា និងអ្នកគាំទ្រលោកខាន់មួយចំនួនផងដែរ។ បទចោទទាំងនោះរួមមាន អំពើភេរវកម្ម ការរារាំងមន្ត្រីប៉ូលិសក្នុងការបំពេញភារកិច្ច ការវាយប្រហារលើប៉ូលិស ការបង្ករបួសស្នាម និងការគំរាមកំហែងដល់អាយុជីវិត។
ចុងក្រោយបំផុត គឺពាក់ព័ន្ធនឹងការកើនឡើងអំពើហិង្សាជុំវិញលោកខាន់អាយុ៧០ឆ្នាំ ដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្តនៅក្នុងសភាកាលពីខែមេសាឆ្នាំមុន។
ចាប់តាំងពីពេលនោះមក អតីតតារាកីឡាគ្រីឃីត ប្រែមកជាអ្នកនយោបាយអ៊ីស្លាមរូបនេះ បានអះអាងដោយគ្មានភស្តុតាងថា ការបណ្តេញគាត់គឺខុសច្បាប់និងមានការឃុបឃិតពីសំណាក់អ្នកស្នងតំណែងដឹកនាំរដ្ឋាភិបាលរបស់គាត់គឺលោក សាបាស សារីហ្វ (Shahbaz Sharif) និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ទាំងលោកសារីហ្វនិងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ៕ (ប្រែសម្រួលដោយ លោកសំណាង)