នគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំង បង្ក្រាបជនសង្ស័យគាស់ផ្ទះបាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំងល្បាតប្រទះឃើញនិងឃាត់ខ្លួន រួមជាមួយវត្ថុតាងមួយចំនួន ខណៈកំពុងធ្វើសកម្មភាព កាលពីវេលាម៉ោង ១និង ១៥នាទីយប់ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិ-សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ​ទី​១-ឈ្មោះ ទូច សុខន ភេទប្រុស​ អាយុ៤៣ឆ្នាំ មុខរបរបើកបរផាស់អាប់និងទី២-ឈ្មោះ ភឹម ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ 

សមត្ថកិច្ចបន្តថា ដោយមានកាបញ្ជាពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ​កម្លាំងប៉ុស្តិ៍ត្រពាំងក្រសាំង ដឹកនាំ​ដោយលោក នាង ឧត្តម នាយប៉ុស្តិ៍ បានចុះ​ល្បាត​នៅក្នុង​មូលដ្ឋាន ស្រាប់​តែ​ប្រទះ​ឃើញ​​ជន​សង្ស័យ​​០២នាក់​ កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ក៏​ឃាត់​ខ្លួន​ព្រម​ទាំង​ដក​ហូត​វត្ថុ​តាំង​មាន​ ដែក​កាប់​ ,​ទួណឺវីស​ ,កូន​សោ​,កាំ​បិត​ និង​ ឧបករណ៍​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ត្រពាំងក្រសាំង​ សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅផ្នែកជំនាញនៃអធិការខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *