ឃាត់ជនសង្ស័យវ័យក្មេង២នាក់ លួចម៉ូតូមន្ត្រីយោធាស្រីម្នាក់

ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅមុខផ្ទះលេខ៤៥៧ ផ្លូវលេខ៣៦៩ ភូមិដើមចាន់  សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៨មីនាឆ្នាំ២០២៣ម៉ោង១១ព្រឹក ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឆាយ ស៊ីធឿន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាននិង ២-ឈ្មោះគ.ដ.វ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ។ ទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AR-7976 នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលផ្ទះសម្រាក ស្រាប់តែមានជនសង្ស័យ ០២នាក់ខាងលើ ដើរមកលួចម៉ូតូជនរងគ្រោះគេចខ្លួន។ 

លុះដល់ម៉ោង៩យប់ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង ០២ នាក់នៅភូមិកើតហេតុខាងលើ រួមនឹងវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាកខាងលើ ជារបស់ជនរងគ្រោះ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ។

ក្រោយពីធ្វើការសាកសួររួច ឈ្មោះ គ.ដ.វ ជាអនីតិជនក្រោមអាយុ១៤ឆ្នាំ ត្រូវបានលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតធ្វើកិច្ចសន្យាត្រឡប់ទៅវិញជាបណ្តោះអាសន្ន។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ហេង រដ្ឋា បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធី ៕ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *