ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននារសៀលថ្ងៃទី១៨មីនា បន្ទាប់ពីគំរាមយកញញួរវាយរថយន្តក្រោយមកបានវាយកុងទ័រនិងទុយោទឹកខូចខ្ទេចខ្ទី ចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ» នៅមុខផ្ទះលេខ២A-៣A ផ្លូវលេខ៣៥១ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី១៨មីនាឆ្នាំ២០២៣វេលាម៉ោង ១២និង៣០នាទីយប់។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោ ជា សេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សៀង ភារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះរថយន្ដត្រឡប់មកផ្ទះ ក៏ឃើញជនសង្ស័យកំពុងអង្គុយមុខផ្ទះ រួចក៏ប្រាប់ឱ្តជនសង្ស័យដើរចេញ ដើម្បីបើករថយន្ដចូលផ្ទះ តែជនសង្ស័យមិនចេញ ហើយក៏ទាស់ពាក្យសម្ដីគ្នា រួចជនសង្ស័យក៏យកញញួរបម្រុងវាយរថយន្ដជនរងគ្រោះ ក៏ត្រូវអ្នកជិតខាងជួយឃាត់ ហើយជនរងគ្រោះក៏បើករថយន្តចូលក្នុងផ្ទះ ស្រាប់តែជនសង្ស័យយកញញួរវាយបំបែកទុយោទឹក និងកុងទ័រទឹករបស់ជនរងគ្រោះបណ្តាលឱ្យបែករួចគេចខ្លួន។
សមត្ថកិច្ចបន្តទៀតថា លុះដល់វេលាម៉ោង៣រសៀល ថ្ងៃដដែល សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ រួមនឹងវត្ថុតាងញញួរមួយ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរ និងចាត់ការបន្តតាមនីតិវិធី ។កន្លងមកជនសង្ស័យធ្លាប់បង្កអុកឡុកក្នុងមូលដ្ឋានជាច្រើនលើកមកហើយ ៕(ដោយ ធ្នូជ័យ)