បរទេស ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រទី១៧មីនាឆ្នាំ២០២៣ បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយចោទថា«ការនិរទេសកុមារអ៊ុយក្រែនដោយបង្ខំពីសំណាក់រដ្ឋាភិបាលក្រុងមូស្គូគឺជាឧក្រិដ្ឋកម្មសង្រ្គាម ខណៈវិមានក្រឹមឡាំងបានបញ្ចេញប្រតិកម្មទាំងកំហឹងតប»។
ប្រទេសរុស្ស៊ីមិនបានលាតត្រដាងកម្មវិធីមួយ ដែលខ្លួនបាននាំកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់រុស្ស៊ីនោះទេ ប៉ុន្តែបានបង្ហាញថា វាជាយុទ្ធនាការមនុស្សធម៌ដើម្បីការពារកុមារកំព្រា និង កុមារដែលត្រូវបានបោះបង់ចោលនៅក្នុងតំបន់ជម្លោះ។
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា «វិធានការនេះនឹងនាំទៅរក ការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ។ ការនិរទេសនេះគឺស្មើនឹងគោលនយោបាយនៃ អំពើអាក្រក់របស់រដ្ឋមួយ ដែលចាប់ផ្តើមយ៉ាងជាក់លាក់ជាមួយមន្ត្រីកំពូលនៃរដ្ឋនេះ»។ការប្រកាសនេះបានបង្កឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បាពីរដ្ឋាភិបាលក្រុងមូស្គូ។
លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា «រុស្ស៊ីយល់ឃើញថាសំណួរដែលចោទឡើងដោយតុលាការ ICC គឺ គួរឱ្យភ្ញាក់ផ្អើលនិងមិនអាចទទួលយកបាន ហើយថាការសម្រេចចិត្តណាមួយរបស់តុលាការនេះគឺ ទុកជាមោឃៈ ទាក់ទងនឹងរុស្ស៊ី។ រុស្ស៊ី ដូចសហរដ្ឋអាមេរិកនិងចិនដែរ មិនមែនជាសមាជិកនៃ ICC ទេ»។
លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភា ជាសម្ពន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីពូទីនបាននិយាយនៅលើ Telegram ថា «អាមេរិកអើយ សូមដកដៃចេញពីពូទីន!»។ លោកបាននិយាយថា «យើងចាត់ទុកការវាយប្រហារណាមួយលើប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីថាជាការឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង»។
ចំណែកសហរដ្ឋអាមេរិកបាននិយាយថា គ្មានការសង្ស័យទេដែលរុស្ស៊ីកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។តុលាការក៏បានចេញដីកាចាប់ខ្លួនលោកស្រី ម៉ារៀ ឡូវ៉ា បេឡូវ៉ា (Maria Lvova-Belova) ស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ីផងដែរ លើការចោទប្រកាន់ដូចគ្នា។
លោកពូទីន ឡឺជាប្រធានាធិបតីទីបី ដែលត្រូវបានចេញដីកាចាប់ខ្លួនដោយតុលាការ ICC ទំនងជាមិនត្រូវឡើងតុលាការឆាប់ៗនោះទេ។ ប៉ុន្តែដីកានេះមានន័យថា គាត់អាចត្រូវបានចាប់ខ្លួន និង បញ្ជូនទៅទីក្រុងឡាអេ ប្រសិនបើគាត់ធ្វើដំណើរទៅរដ្ឋសមាជិក ICC ណាមួយ។
ឯលោក ស្តេហ្វេន រ៉ាប (Stephen Rapp) អតីតឯកអគ្គរដ្ឋទូតអាមេរិកទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាម បាននិយាយថា«នេះធ្វើឱ្យលោកពូទីនក្លាយជាមនុស្សឯកោ។ ប្រសិនបើគាត់ធ្វើដំណើរ គាត់ប្រថុយនឹងការចាប់ខ្លួន។ រឿងនេះនឹងមិនបាត់ទៅណាឡើយ។ រុស្ស៊ីមិនអាចទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម ដោយមិនគោរពតាមដីកានោះឡើយ»៕(ប្រែសម្រួលដោយ លោកសំណាង)