បរទេស ៖ ប្រទេសអូស្ត្រាលីគ្រោងនឹងទិញមីស៊ីល Tomahawk រាប់រយគ្រាប់ពីសហរដ្ឋអាមេរិក ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិសុខ AUKUS ហើយមន្ទីរបញ្ចកោណ ក៏បានយល់ព្រមលក់មីស៊ីលនេះរហូតដល់ ២២០ គ្រាប់ក្នុងតម្លៃ១,៣ ពាន់លានដុល្លារនៅក្នុងកិច្ចព្រមព្រៀង ដែលនឹងរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេស។
លោលរីឆាត ម៉ាឡេស (Richard Marles) ឧបនាយករដ្ឋមន្ត្រី បាននិយាយថា អូស្ត្រាលីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកដើម្បីទទួលបានសមត្ថភាពមីស៊ីលបន្ថែមទៀត។ការលក់មីស៊ីលដែលបានគ្រោងទុកនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អូស្ត្រាលីក្នុងការទិញនាវាមុជទឹកនុយក្លេអ៊ែរជាច្រើនគ្រឿង ក្រោមសម្ពន្ធភាពសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ក្នុងតម្លៃរហូតដល់៣៦៨ពាន់លានដុល្លារ។
លោកបានប្រាប់កម្មវិធី Today របស់ទូរទស្សន៍ Nine នៅព្រឹកថ្ងៃសុក្រទី១៧មីនា ឆ្នាំ២០២៣ថា «វាជាផ្នែកមួយដ៏សំខាន់នៃអ្វីដែលយើងត្រូវធ្វើជាមួយនឹងគោលជំហររបស់យើង ពោលគឺមានលទ្ធភាពកាន់តែច្រើនក្នុងការបាញ់។ ការធ្វើឱ្យប្រាកដថាយើងមានមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយគឺជាសមត្ថភាពដ៏សំខាន់សម្រាប់ប្រទេស។ វាអនុញ្ញាតឱ្យយើងអាចទៅដល់ហួសពីច្រាំងសមុទ្ររបស់យើងបន្ថែមទៀត ហើយនោះជារបៀបដែលយើងអាចរក្សាសុវត្ថិភាពអូស្ត្រាលី»។
លោក ផាត់ ខុនរ៉យ (Pat Conroy) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិបាននិយាយថា មីស៊ីលទាំងនោះអាចបាញ់ចេញពីនាវាមុជទឹកថ្នាក់ Virginia របស់សហរដ្ឋអាម៉េរិក ដែលអូស្ត្រាលីនឹងទិញក្រោមកិច្ចព្រមព្រៀង AUKUS ។
លោកបានប្រាប់ទូរទស្សន៍ ABC TV ថា «យើងពិតជាចង់បានសមត្ថភាពល្អបំផុតដែលអាចធ្វើទៅបានសម្រាប់កងកម្លាំងការពារអូស្ត្រាលី ដូច្នេះរួមបញ្ចូលទាំងសមត្ថភាពក្នុងការវាយប្រហារគូប្រជែងឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានពីដីគោកអូស្ត្រាលី។ មីស៊ីលនាំផ្លូវគឺជាផ្នែកមួយដ៏សំខាន់នៃរឿងនោះក៏ដូចជានាវាមុជទឹកដែលបាញ់វាផងដែរ»៕(ប្រែសម្រួលដោយ លោកសំណាង)