ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីស្ត្រីម្នាក់បានសម្រេច នៅមុខផ្សារព្រែកឯក ផ្លូវជាតិលេខ១ ភូមិក្បាលជ្រោយ សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៦មីនា ឆ្នាំ២០២៣ ម៉ោង៩និង៣០នាទីយប់។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះគល់ ជាសុចេង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិសិ្សត ស្នាក់នៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ វី សូណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ,២-ឈ្មោះ លឿង សុរ៉ាវុធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះ កែវ ពិសី ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ទាំង ០៣នាក់ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក Honda Zomer-X ពណ៌បៃតង ផ្លាកលេខ១GN-៧៧៥៧ ស្ពាយកាបូបពណ៌ខ្មៅ ដែលក្នុងកាបូបមាន ទូរសព្ទដៃ ០១គ្រឿង ម៉ាកOnePlus ពណ៌ប្រផេះ, ប្រាក់២ម៉ឺនរៀល មកដល់មុខផ្សារព្រែកឯង (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យ ០៣នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល ១AK-២៨៩៣ មកពីក្រោយអែបខាងឆ្វេង រួចធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេចជិះគេចខ្លួន ។
ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតជួយអន្តរាគមន៍ដេញតាមមកដល់ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ ដែលជិះធ្វើសកម្មភាពនិងកាបូបស្ពាយ ជារបស់ជនរងគ្រោះ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរនិងចាត់ការតាមនីតិវិធី៕ ដោយធ្នូជ័យ