ភ្នំពេញ ៖ ជនសង្ស័យ បានវាយកញ្ចក់រថយន្ត យកលុយ៣មុឺនដុល្លារ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃពុធ ទី១៥ ខែមីនាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១១៣ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនកើតហេតុបុរសជាជនរងគ្រោះ ដែលជាជនជាតិចិន បានជិះរថយន្ដព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1677 ធ្វើដំណើរ ទៅដកលុយពីធនាគារមួយកន្លែង រួចបើករថយន្ដមកឈប់មុខ ភោជនីដ្ឋានមួយកន្លែងយីហោ សុីឈួន រួចចូលទៅអង្គុយញាំអីក្នុងហាង មួយសន្ទុះ ចេញមកវិញទើបឃើញរថយន្ដបែកកញ្ចក់ ផ្នែកខាងមុខចំហៀងខាងឆ្វេង ក៏ចូលទៅពិនិត្យទើបដឹងថាបាត់លុយអស់ចំនួន៣មុឺនដុល្លារ ក៏ស្រែកផ្អើលឆោរឡោឡើង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការឆែកកាមេរ៉ាសុវត្ថិភាព នឹងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដរដ្ឋបាលនរគបាលសង្កាត់កាកាបទី២ ដើម្បីស្រាវជ្រាវតាមរកមុខ ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ ធ្នូជ័យ