បរទេស ៖ អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលបានទាយត្រូវអំពីការដួលរលំរបស់ធនាគារ Lehman Brothers ក្នុងឆ្នាំ ២០០៨ ឥឡូវបានទាយថា ធនាគារមួយណាទៀតដែលគាត់ជឿថានឹងដួលនាពេលបន្ទាប់។
បន្ទាប់ពីការដួលរលំដ៏មហន្តរាយរបស់ធនាគារ Silicon Valley Bank លោក រ៉ូបឺត គីយ៉ូសាគី (Robert Kiyosaki) បានព្យាករណ៍ថា «ធនាគារបន្ទាប់នឹងត្រូវដួលរលំ គឺ Credit Suisse ខណៈទីផ្សារមូលបត្របំណុលបានដួលរលំ»។
លោករ៉ូបឺត គីយ៉ូសាគី បានធ្វើការទស្សន៍ទាយបែបនេះ តែប៉ុន្មានម៉ោងមុនពេលធនាគារ Credit Suisse ខ្លួនឯងបានទទួលស្គាល់ថាខ្លួនមាន «ភាពទន់ខ្សោយខាងហរិញ្ញវត្ថុ ខណៈតម្លៃនៃការធានាលើមូលបត្របំណុលរបស់ខ្លួនពីការខកខានសងទាន់ពេលវេលាបានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីការបង្កើតធនាគារ»។
ថ្លែងនៅលើកម្មវិធី Cavuto: Coast to Coast លោកគីយ៉ូសាគីបាននិយាយថា «បញ្ហាគឺទីផ្សារមូលបត្របំណុលហើយការព្យាករណ៍របស់ខ្ញុំ ខ្ញុំបានទាយអំពីធនាគារ Lehman Brothers កាលពីច្រើនឆ្នាំមកហើយ ហើយខ្ញុំគិតថាធនាគារបន្ទាប់ដែលត្រូវដួលគឺ Credit Suisse ពីព្រោះទីផ្សារមូលបត្របំណុលកំពុងដួលហើយ»។
លោកបានពន្យល់បកស្រាយ ខណៈកំពុងកាន់ក្រដាសប្រាក់ដុល្លារយ៉ាងដូច្នេះថា «ប្រាក់ដុល្លារអាមេរិកកំពុងបាត់បង់អនុត្តរភាពរបស់វានៅក្នុងពិភពលោក នាពេលនេះហើយ។ ដូច្នេះ ពួកគេនឹងបោះពុម្ពលុយដុល្លារកាន់តែច្រើនឡើងៗ…សូមព្យាយាមទប់រឿងនេះកុំឱ្យកើតឡើង»។
អ្នកជំនាញរូបនេះបាននិយាយថា ទីផ្សារមូលបត្របំណុល ដែលធំជាងផ្សារហ៊ុន ឥឡូវនេះគឺជាបញ្ហា ហើយការពិតដែលថាវាកំពុងដួលគឺពិតជាបង្កការភ័យខ្លាចដល់អ្នកឈរមើលពីខាងក្រៅ។ លោកបានបន្តថា លោកមានការព្រួយបារម្ភអំពីធនាគារ Credit Suisse ទោះបីជាវាជាធនាគារធំមួយ ដែលមានការការពារខ្ពស់ និងមានរតនាគារអភិរក្សច្រើននៅក្នុងផលប័ត្ររបស់វាក៏ដោយ។
លោកគីយ៉ូសាគី ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតលើពិភពលោក (Rich Dad Poor Dad) ចាប់ផ្តើមមានឈ្មោះល្បីល្បាញពេលទាយត្រូវអំពីការដួលរលំរបស់ធនាគារ Lehman Brothers ឆ្នាំ ២០០៨ ដែលបានធ្វើឱ្យវិបត្តិហិរញ្ញវត្ថុកាន់តែផុងជ្រៅ នាពេលនោះ៕(ប្រែសម្រួលដោយ លោកសំណាង)