ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះផ្ទះប្រជារាស្ត្រអស់៥ខ្នង កើតឡើងនៅចំណុច ក្រុម១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ចំពោះមូលហេតុឆេះកំពុងស្រាវជ្រាវ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះម៉ៅ ណាង ភេទស្រី អាយុ៨៤ឆ្នាំ មុខរបរនៅផ្ទះ ។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មក្រោមឈើលើនិងថ្មប្រក់ស័ង្កសី ទំហំ១០ម៉ែត្រគុណនឹង១០ម៉ែត្រអស់០១ខ្នង និង ផ្ទះឈើលើថ្មក្រោមចំនួន០៤ខ្នងឆេះអស់ទាំងស្រុង ហើយឆេះរោលចំនួន០២ខ្នងទៀតប្រហែល៣០ភាគរយ។
ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤៥ឡាន ស្មើនឹង១៨០ម៉ែត្រគូប និង រថយន្តជំនួយអន្តរាគមន៍ក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើបាស់ទឹកអស់ចំនួន ០២ឡាន,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង,រថយន្តទីក្រុងនរាចំនួន ០១គ្រឿង ,រថយន្តកងពលតូចលេខ៧០ចំនួន ០៤គ្រឿង ពុំបានប្រើប្រាស់ទឹក ,រថយន្តOCICទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ពុំបានប្រើប្រាស់ទឹក ហើយពន្លត់ចប់នៅម៉ោង៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល៕ដោយ ធ្នូជ័យ