បរទេស ៖ ឯកសារតុលាការក្រុងដាល់ឡាស បានឱ្យដឹងថា បុរសម្នាក់និងស្ត្រីម្នាក់ ដែលត្រូវបានចោទប្រកាន់ក្នុងការបាញ់មនុស្សស្លាប់បួននាក់នៅឯផ្ទះល្វែងមួយក្នុងទីក្រុងដាល់ឡាស (Dallas) កន្លែងដែលទារកម្នាក់ត្រូវបានប្រទះឃើញមិនមានរបួស បានប្រាប់ប៉ូលិសថា «ពួកគេបានលួចចូលទៅក្នុងផ្ទះនេះដើម្បីយកលុយ»។
ប៉ូលិសក្រុងដាល់ឡាស រដ្ឋតិចសាស់ បាននិយាយកាលពីថ្ងៃចន្ទទី១៣មីនាឆ្នាំ២០២៣ ថា អាតេមីអូ ម៉ាល់ដូណាដូ(Artemio Maldonado) អាយុ ១៨ ឆ្នាំ និង អាហ្សូសេណា សាន់ឆេស (Azucena Sanchez) អាយុ ២០ ឆ្នាំត្រូវបានចោទប្រកាន់ពីបទ«មនុស្សឃាតដែលមានស្ថានទោសប្រហារជីវិត»។ កំណត់ត្រាពន្ធនាគារមិនបានរាយបញ្ជីមេធាវីសម្រាប់ជនសង្ស័យទាំងពីរនាក់នេះទេ។
ប៉ូលិសបានទៅដល់ផ្ទះកើតហេតុនៅម៉ោង៧និង១០នាទីយប់ កាលពីថ្ងៃអាទិត្យទី១២មីនាឆ្នាំ២០២៣ ហើយបានរកឃើញមនុស្សប្រុសពីរនាក់និងស្រីពីរនាក់ត្រូវបានបាញ់ឱ្យស្លាប់។ ពួកគេទាំងអស់បានស្លាប់នៅកន្លែងកើតហេតុ។អាជ្ញាធរមិនបានបញ្ចេញឈ្មោះជនរងគ្រោះនោះទេ។
ចំណែកនាងសាន់ ឆេស គឺជាអតីតមិត្តស្រីរបស់ជនរងគ្រោះម្នាក់ ហើយពួកគេបានជាប់ពាក់ព័ន្ធក្នុងជម្លោះឃុំគ្រងលើកូនប្រុសរបស់ពួកគេ ។ នេះបើយោងតាមឯកសាររបស់តុលាការ។ គេមិនដឹងច្បាស់ថា«តើក្មេងនោះជាទារកដែលស្ថិតនៅក្នុងផ្ទះល្វែងក្រោយការបាញ់ប្រហារនោះឬយ៉ាងណាទេ?»។
បើតាមឯកសាររបស់តុលាការ នាងសាន់ ឆេស បានប្រាប់ប៉ូលិសថា «នាងនិងម៉ាល់ដូណាដូ បានលួចចូលទៅក្នុងផ្ទះល្វែងនោះដើម្បីប្លន់»។ ឯកសាររបស់តុលាការបានឱ្យដឹងថា នាងសាន់ ឆេស និយាយថា«នាងមិននឹកគិតថាមានមនុស្សនៅក្នុងផ្ទះនោះទេ ប៉ុន្តែនៅពេលចូលដល់ខាងក្នុង ជនរងគ្រោះបានប្រឈមមុខនឹងអ្នកទាំងពីរ»។
ឯ ម៉ាល់ ដូណាដូ បានសារភាពថា «គាត់បានបាញ់សម្លាប់ជនរងគ្រោះទាំងអស់»។នេះបើយោងតាមឯកសាររបស់តុលាការ។ ម៉ាល់ដូណាដូ និងសាន់ឆេស បានយកប្រអប់មួយពីទូមួយ ដែលពួកគេគិតថា«មានលុយ ប៉ុន្តែវាបែរជាទទេ»។
អ្នកនាំពាក្យប៉ូលិសលោកស្រី គ្រីស្ទីន ឡូវមែន (Kristin Lowman) បាននិយាយថា មន្ត្រីប៉ូលិសត្រូវបានតេហៅទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមនុស្សម្នាក់បានពិនិត្យមើលម្ចាស់ផ្ទះ បន្ទាប់ពីមិនបានឮអ្វីពីពួកគេ។ លោកស្រីនិយាយថា ក្រោយមកប៉ូលិសបានដឹងថា សំឡេងផ្ទុះបានឮនៅប្រហែលម៉ោង១ទៀបភ្លឺ ប៉ុន្តែគ្មានអ្នកណាតេហៅប៉ូលិសទេ។
លោកស្រីឡូវ មែន បាននិយាយថា មានជម្លោះរវាងជនសង្ស័យម្នាក់និងជនរងគ្រោះម្នាក់ ប៉ុន្តែមិនអាចនិយាយលម្អិតបានទេ។ លោកស្រីនិយាយថា មិនមានការគំរាមកំហែងដល់សាធារណជន ឬអ្នកផ្សេងទៀតនៅក្នុងអគារផ្ទះល្វែងនោះទេ។
សមត្ថកិច្ចបានឱ្យដឹងថា ប៉ូលិសបានរកឃើញរថយន្តរបស់ជនសង្ស័យនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីកន្លែងកើតហេតុ នៅម៉ោងប្រហែល៩និង៣០នាទីយប់ កាលពីថ្ងៃអាទិត្យ ហើយអ្នកទាំងពីរត្រូវបានចាប់ខ្លួននៅក្រោយម៉ោង ១០ យប់។
លោកស្រីឡូវមែននិយាយថា ទារកនោះមិនបានរងរបួសទេ ប៉ុន្តែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាការប្រុងប្រយ័ត្ន។លោកស្រីនិយាយថា ទារកឥឡូវនេះកំពុងស្ថិតក្នុងការថែទាំរបស់សេវាការពារកុមារ។ ចំណែកការស៊ើបអង្កេតលើការបាញ់ប្រហារកំពុងបន្តនៅឡើយ ៕(ប្រែសម្រួលដោយ លោកសំណាង)