ភ្នំពេញ ៖ ផ្ទះលក់ចាប់ហួយមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីវេលា ម៉ោង៣និង៤០នាទី យប់រំលងអធ្រាត្រឈាន ចូលថ្ងៃអង្គារ ទី១៤ ខែ មីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចជិតស្ពានដែកចំការដូង តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះសៀប នី ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ដូរ។ប្រភេទសំណង់ដែលឆេះជាផ្ទះលែ្វងថ្មបេងតុង ទំហំ ៥ម៉ែត្រគុណនឹង៣០ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារ ឆេះម៉ូតូYamaha F2ចំនួន០១គ្រឿង និងអីវ៉ាន់ចាប់ហួយអស់ប្រហែល៣០ភាគរយ តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងមានអណ្ដាតភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ជាមួយសម្រែកម្ចាស់ផ្ទះ រត់ចេញមកក្រៅស្រែកឲ្យគេជួយ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងទាក់ទងទៅសមត្ថកិច្ចពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ ។
បន្ទាប់មក សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៧ គ្រឿង ។ ចំពោះមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕ ដោយធ្នូជ័យ