ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បន្ទាប់ពីជិះម៉ូតូបានធ្វើសកម្មភាពឆក់ទូរសព្ទពីនារីរងគ្រោះមិនបានសម្រេចបណ្ដាលជនរងគ្រោះដួលរងរបួសស្រាល កាលវេលាម៉ោង៤ រសៀលថ្ងៃទី១២ ខែ មីនាឆ្នាំ២០២៣នៅចំណុចបន្ទប់ជួលភូមិបឹងសាឡាង សង្កាត់-ឫស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានប្រាប់ថា ជនរងគ្រោះឈ្មោះ ភេទស្រី មិនស្គាល់អត្តសញ្ញាណចាកចេញពីកន្លែងកើតហេតុ ដោយពុំបានដាក់ពាក្យបណ្តឹង ចោរឆក់ទូរសព្ទមិនបានសម្រេច បង្កឡើងដោយជនសង្ស័យ២នាក់ ។ ជនសង្ស័យទី១-ឈ្មោះ ហូ រ៉ូហ្សាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខជួល ផ្លូវលេខ០៥ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និង ទី២-ឈ្មោះ អែល រក្សា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ បន្ទប់ជួលផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ ។ សម្ភារដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1JJ-6440 ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព។
លោក ហ៊ាង ថារ៉េត បន្តថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៦និង ៣០នាទីល្ងាច នៅចំណុចផ្លូវ៩០៧ ក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម្នាក់ឯងពីកើតទៅលិច,លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ បានឃើញទូរសព្ទជនរងគ្រោះដាក់ក្នុងឃ្លុបម៉ូតូក៏ធ្វើសកម្មភាពលូកដៃឆក់តែមិនបានសំរេចក៏ទាក់ដៃចង្កូតជនរងគ្រោះបានដួលម៉ូតូរួចជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនិងចេញពីកន្លែងកើតហេតុបាត់,បន្ទាប់មកសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋាន ហើយបានចាត់ឱ្យនគរបាលប៉ុស្តិ៍និងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌចុះពិនិត្យកន្លែងកើតនិងស្រាវជ្រាវតាមផ្នែកជំនាញឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកបើកម៉ូតូរួចបន្តទៅឃាត់ជនសង្ស័យម្នាក់ជាអ្នកធ្វើសកម្មភាពឆក់ទូរសព្ទជនរងគ្រោះ បាន២នាក់នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៣វេលាម៉ោង០៤រសៀលនៅចំណុចបន្ទប់ជួលភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
សមត្ថកិច្ចបានអំពាវនាវរកអាខោនហ្វេសបុករបស់ជនរងគ្រោះ Jef Yeslieដែលបានបង្ហោះរឿងនេះ សូមអញ្ជើញមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីដាក់បន្ទុកលើជនសង្ស័យទាំង២នាក់, ហើយសមត្ថកិច្ចព្យាយាមទាក់ទងតាមអាខានហ្វេសបុកឈ្មោះ Jef Yeslie តែមិនអាចទំនាក់ទំនងបានឡើយ៕(ដោយ ប៉ូច គឹមសុខ)