បរទេស ៖ ច្បាប់សោធននិវត្តន៍ បានបង្កើនអាយុចូលនិវត្តន៍នៅប្រទេសបារាំងពី ៦២ ទៅ ៦៤ ឆ្នាំ បានបោះទៅមុខមួយជំហានទៀតជាមួយនឹងការអនុម័តរបស់ព្រឹទ្ធសភាលើវិធានការនេះ ចំពេលមានកូដកម្ម ការតវ៉ា និង គំនរសំរាមមិនទាន់ប្រមូលកាន់តែខ្ពស់ឡើងពេញទីក្រុង ។
លោកស្រី អេលីសាបេត ប៊ន (Elisabeth Borne) នាយករដ្ឋមន្ត្រីបារាំង បានសរសេរលើ Twitter កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីការបោះឆ្នោតអនុម័ត ១៩៥-១១២ ថា «លោកស្រីទន្ទឹងរង់ចាំការអនុម័តច្បាប់នេះ ដោយអបអរសាទរចំពោះ ជំហានសម្រេចចិត្តឆ្ពោះទៅរកកំណែទម្រង់ដែលនឹងធានាដល់អនាគតនៃប្រព័ន្ធចូលនិវត្តន៍របស់យើង»។ ប៉ុន្តែច្បាប់នេះឥឡូវត្រូវតែដើរឆ្លងកាត់ដែនដីនយោបាយដ៏លំបាកជាមួយនឹងលទ្ធផលសក្តានុពលជាច្រើន។
ច្បាប់នេះត្រូវបានបញ្ជូនទៅគណៈកម្មាធិការមួយដែលមានព្រឹទ្ធសមាជិកប្រាំពីររូបនិងអ្នកនយោបាយសភាជាន់ទាបចំនួនប្រាំពីររូប ដើម្បីស្វែងរកការសម្របសម្រួលរវាងកំណែរបស់សភាទាំងពីរនៃអត្ថបទច្បាប់នេះនៅថ្ងៃពុធខាងមុខនៅពេលដែលសហជីពនានាគ្រោងធ្វើបាតុកម្មជុំទីប្រាំបីនៅទូទាំងប្រទេស។
លោកអេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មានការមិនសប្បាយចិត្តចំពោះសំរាមគរទុកចោលមិនប្រមូលក្នុងទីក្រុងប៉ារីស និងទីក្រុងផ្សេងទៀតពីកូដកម្មរបស់កម្មករ ដែលបដិសេធចំពោះច្បាប់នេះ និង ការកាត់បន្ថយសេវាកម្មនិងការផ្គត់ផ្គង់ក្នុងវិស័យផ្សេងទៀត ដូចជាការដឹកជញ្ជូននិងថាមពល។
លោកប្រធានាធិបតី បានបដិសេធសំណើរបស់សហជីពនានាដើម្បីជួបជាមួយគាត់ ដែលមេដឹកនាំសហជីពឆ្វេងនិយមCGT លោក ហ្វីលីព ម៉ាទីណេស (Philippe Martinez) និយាយថា«ស្មើនឹងការលើក ម្រាមដៃកណ្តាល»។
សំណើរបស់សហជីពមួយសម្រាប់ «ការពិគ្រោះយោបល់របស់ប្រជាពលរដ្ឋ» មិនមានការឆ្លើយតបពីរដ្ឋាភិបាលលើច្បាប់ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះទេ បន្ទាប់ពីការដង្ហែក្បួនថ្ងៃថ្មីដែលបានទាក់ទាញមនុស្សដើរតាមដងផ្លូវតិចជាងការហែក្បួនតវ៉ាកាលពីបួនថ្ងៃមុន។
លោក ជើរ៉ាត់ ឡាឆឺ (Gerard Larcher) ប្រធានព្រឹទ្ធសភា បានសម្តែងមោទនភាពចំពោះការងាររបស់សហសេវិករបស់គាត់ បន្ទាប់ពីការបោះឆ្នោតរបស់ពួកគេ ពោលគឺមួយថ្ងៃមុនថ្ងៃកំណត់ ដោយនិយាយថាស្ថាប័នដែលគ្រប់គ្រងដោយសិទ្ធិអភិរក្សនេះបានដើរតួនាទីរបស់ខ្លួន ជាមួយគោលបំណងតែមួយគត់ មិនថាពួកយើងមានអារម្មណ៍យ៉ាងណាមានផលប្រយោជន៍ប្រទេសនិងផលប្រយោជន៍ប្រជាជនបារាំងយ៉ាងណានោះឡើយ។
សហជីពនានាអះអាងថា ប្រជាជនបារាំងកំពុងបញ្ចេញមតិប្រឆាំងចំពោះកំណែទម្រង់នេះនៅតាមដងផ្លូវនិងតាមរយៈកូដកម្ម ដោយនៅតែបន្តទោះបីជាមានថយចុះការតវ៉ាក្នុងវិស័យមួយចំនួនក៏ដោយ។
ចំណែករដ្ឋាភិបាលបារាំងសង្ឃឹមថា នឹងចៀសវាងការប្រើអំណាចធម្មនុញ្ញពិសេសដើម្បីបង្ខំអនុម័តសេចក្តីព្រាងច្បាប់នេះ តាមសភាដោយគ្មានការបោះឆ្នោត។ ការអនុម័តរបស់សភានឹងផ្តល់នូវភាពស្របច្បាប់ដ៏ធំចំពោះផែនការសោធននិវត្តន៍នេះ៕(ប្រែសម្រួលដោយលោកសំណាង)