ចិនជួយដល់ អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត យល់ព្រមបង្កើតទំនាក់ទំនងការទូតឡើងវិញ

បរទេស ៖ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីចិន ប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រទី១០មីនាឆ្នាំ២០២៣ ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ និងបើកស្ថានទូតឡើងវិញ បន្ទាប់ពីភាពតានតឹងរយៈពេលប្រាំពីរឆ្នាំ។ 

ជោគជ័យការទូតដ៏សំខាន់ដែលបានចរចាជាមួយចិន បានជួយកាត់បន្ថយឱកាសនៃជម្លោះប្រដាប់អាវុធរវាងគូប្រជែងទាំងពីរនៅមជ្ឈិមបូព៌ា ទាំងដោយផ្ទាល់និងក្នុងជម្លោះប្រូកស៊ី (Proxy) នៅជុំវិញតំបន់នោះ ។

កិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឡើងនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះចំពេលដែលសភាប្រជាជនជាតិកំពុងប្រជុំគឺតំណាងឱ្យជ័យជម្នះផ្នែកការទូតដ៏សំខាន់សម្រាប់ចិន ខណៈបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់យល់ឃើញថាសហរដ្ឋអាមេរិកកំពុងដកខ្លួនចេញបន្តិចម្តងៗពីមជ្ឈិមបូព៌ា។ រឿងនេះក៏កើតឡើង ខណៈអ្នកការទូតកំពុងព្យាយាមបញ្ចប់សង្រ្គាមដ៏យូរក្នុងប្រទេសយេម៉ែន ជាជម្លោះមួយដែលទាំងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត កំពុងចាក់ឫសយ៉ាងជ្រៅ។

ចំណែកប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីកិច្ចព្រមព្រៀងជាមួយចិន ដែលបានសម្របសម្រួលកិច្ចព្រមព្រៀងនេះ ខណៈប្រធានាធិបតី ស៊ី ជីនភីង បានទទួលអាណត្តិទីបី រយៈពេលប្រាំឆ្នាំក្នុងនាមជាមេដឹកនាំចិនកាលពីថ្ងៃសុក្រទី១០មីនាឆ្នាំ២០២៣ ។

ឯវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានបង្ហាញរូបលោក អាលី សាមខានី (Ali Shamkhani) លេខាក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ រួមជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត លោក មូសាអាដ ប៊ីន ម៉ូហាម៉េត អាល់ អៃបាន (Musaad bin Mohammed al-Aiban) និង លោក វ៉ាង យី ជាអ្នកការទូតជាន់ខ្ពស់បំផុតរបស់ចិន។

សេចក្តីថ្លែងការណ៍រួមបានអំពាវនាវឱ្យមានទំនាក់ទំនងឡើងវិញនិងការបើកស្ថានទូតឡើងវិញ ដែលនឹងកើតឡើង«ក្នុងរយៈពេលអតិបរមាពីរខែ»ខាងមុខ។ កិច្ច​ប្រជុំ​មួយ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ពួក​គេ​ក៏​ត្រូវ​បាន​គ្រោង​ទុក​ផង​ដែរ​ ។ នៅក្នុងវីដេអូ លោកវ៉ាងអាចត្រូវគេស្តាប់ឮកំពុងផ្តល់ «ការអបអរសាទរអស់ពីចិត្ត ចំពោះ សុភវិនិច្ឆយ របស់ប្រទេសទាំងពីរ»។ លោកបាននិយាយថា «ភាគីទាំងពីរបានបង្ហាញភាពស្មោះត្រង់។ ចិនគាំទ្រពេញទំហឹងចំពោះកិច្ចព្រមព្រៀងនេះ»។

ចំណែកអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ ហើយបានថ្លែងអំណរគុណដល់ចិនសម្រាប់តួនាទីរបស់ខ្លួន។ អ្នកនាំពាក្យអ.ស.ប លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) បាននិយាយនៅទីស្នាក់ការកណ្តាលរបស់អ.ស.បថា «ទំនាក់ទំនងជាអ្នកជិតខាងល្អរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតមានសារៈសំខាន់សម្រាប់ស្ថិរភាពនៃតំបន់ឈូងសមុទ្រពែក្ស»។

ឯអ្នកនាំពាក្យសេតវិមាន នាង ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយថា «សហរដ្ឋអាមេរិកក៏ស្វាគមន៍ចំពោះ កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីជួយបញ្ចប់សង្រ្គាមនៅក្នុងប្រទេសយេម៉ែន និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាដែរ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *