កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង មុនសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូង

បរទេស ៖ មន្ត្រីទាហានរបស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃព្រហស្បតិ៍ទី៩មីនាឆ្នាំ២០២៣ ក្នុងការសម្ញែងកម្លាំងចុងក្រោយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅតែប៉ុន្មានថ្ងៃមុនពេលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាននិយាយប៉ុន្មានម៉ោងក្រោយមកថា «មេដឹកនាំ គីមជុងអ៊ុន បានស្ថិតនៅទីតាំងផ្ទាល់ដើម្បីមើល គ្រាប់ដ៏មានឥទ្ធិពល បាញ់ដោយអង្គភាពកាំភ្លើងធំ ដែលត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងសង្គ្រាមជាក់ស្តែង»។ តែព័ត៌មាននេះមិនបានបញ្ជាក់ពីប្រភេទអាវុធដែលលោកគីមសង្កេតនៅក្នុង «សមយុទ្ធបាញ់ប្រហារ» ដែលធ្វើជាបំផ្លិចបំផ្លាញអាកាសយានដ្ឋានរបស់សត្រូវនោះទេ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចអាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយកូរ៉េខាងជើងធ្វើតេស្តអាវុធហាមឃាត់មិនធ្លាប់មានជាហូរហែ ខណៈរដ្ឋាភិបាលក្រុងសេអ៊ូល ងាកទៅបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាការឆ្លើយតប។

ឆ្នាំមុន របបរបស់លោកគីមបានប្រកាសថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ ដែលមិនអាចផ្លាស់ប្តូរបាន ហើយបានប្តេជ្ញាថានឹងបង្កើនការផលិតសព្វាវុធ រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ខណៈសហរដ្ឋអាមេរិកសម្លឹងរើសព្វាវុធបន្ថែមទៀតមកកាន់តំបន់ដើម្បីការពារសម្ពន្ធមិត្តសេអ៊ូល។

ចំណែកអគ្គសេនាធិការចម្រុះរបស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា ខ្លួនបានរកឃើញការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចេញពីទីក្រុងកំពង់ផែ ណាមប៉ូ (Nampo) ភាគខាងលិចកូរ៉េខាងជើងនៅម៉ោង ៦និង២០ ល្ងាច។អគ្គសេនាធិការចម្រុះបានបន្ថែមថា «ខ្លួនកំពុងវិភាគ លទ្ធភាពដែលកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ពីតំបន់តែមួយក្នុងពេលដំណាលគ្នា»។

អគ្គសេនាធិការចម្រុះនិយាយទៀតថា «ទាហានរបស់យើងរក្សាជំហរត្រៀមខ្លួនពេញលេញ ខណៈធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក នៅពេលដែលយើងពង្រឹងការឃ្លាំមើលនិងការប្រុងប្រយ័ត្ន»៕ប្រែសម្រួលដោយ លោកសំណាង

Leave a Reply

Your email address will not be published. Required fields are marked *