ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះចែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន ទៅដល់ខ្នងផ្ទះបានចំនួន២៧៥១នាក់ ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៌ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៩មីនានេះ ។
លោកអធិការនគរបាលខណ្ឌ បានបន្តថា គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៣ លោកបានទទួលអត្តសញ្ញាណបណ្ណពីការិយាល័យ មៃ ស្នងការនគរបាលរាជធានីភ្នំពេញ ផ្តល់ជូនដល់នគរបាលប៉ុស្ដិ៍ឱ្យសហការជាមួយរដ្ឋបាលសង្កាត់ទាំង៧ បានចុះចែកអត្តញ្ញាណបណ្ណសញ្ជាតិខ្មែរបានចំនួន ២៧៥១នាក់ ប្រុស១៣៨០នាក់ ។
សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ថាឆ្នាំ២០២០ ជាឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។ ក្នុងនោះសម្តេចក្រឡាហោម បានថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការអទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាល ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋនេះជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជាត្រូវចូលរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការងារអត្តសញ្ញាណកម្ម បានផ្តោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយឡែក ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅសៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម។
នៅឆ្នាំ២០២១ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ឆ្នាំ២០១៧-២០២៦)។ ក្នុងឆ្នាំ២០២១កម្ពុជា បានទទួលរងនូវផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តែទោះជាយ៉ាងណាក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំបំពេញភារកិច្ចនិងបានសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗបានយ៉ាងច្រើន ៕(ដោយ ប៉ូច គឹមសុខ)