ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំថ្ងៃ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ឆ្នាំ២០២៣ វេលាម៉ោង០៨និង៥០នាទីព្រឹក បន្ទាប់ពីបានចាប់រំលោភស្ត្រីម្នាក់ជាបងថ្លៃរបស់ខ្លួន បានសម្រេច កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨មីនា នៅចំណុចភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ ស ភ ភេទស្រី អាយុ៤២ឆ្នាំ ប្ដឹងជនសង្ស័យ ឈ្មោះ មាស សំណាង ហៅបារាំង (ត្រូវជាប្អូនថ្លៃ ) អាយុ៣៦ឆ្នាំ ពីបទរំលោភសេពសន្ថវៈ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានក្រោកពីដេក ជិះម៉ូតូទៅទិញបារី នៅតូបលក់កាហ្វេ។ក្រោយមក ក៏បានជិះម៉ូតូទៅផ្ទះបងថ្លៃ (ផ្ទះជនរងគ្រោះ ) រួចគាស់ក្ដារជញ្ជាំងផ្ទះដែលរបើក លូនចូលដល់ក្នុង ចាប់បង្ខំនារីរងគ្រោះ ដែលកំពុងគេងក្នុងបន្ទប់ ។ ជនរងគ្រោះបានប្រើគ្រប់វិធី ដើម្បីកុំឱ្យជនសង្ស័យរំលោភ ប៉ុន្តែជនសង្ស័យបានគំរាមនិងប្រើកម្លាំងបង្ខំ រំលោភរហូតបានសម្រេច ។
ប្រភពបន្តថា ក្រោយធ្វើសកម្មភាពរួច ជនង្ស័យសុំអង្វរជនរងគ្រោះកុំរករឿងខ្លួន ហើយជនរងគ្រោះក៏ឆ្លើយថា មិនអីទេឆាប់ចាកចេញទៅទាន់មេឃមិនទាន់ភ្លឺ ប្រយ័ត្នគេឃើញ ។ ពេលជនសង្ស័យចេញបាត់មួយសន្ទុះ ជនរងគ្រោះបានខលប្រាប់ប្រពន្ធជនសង្ស័យ តែទូរសព្ទត្រូវជនសង្ស័យលើក ។ ទើបភ្លឺឡើង ទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕ ដោយ ៖សំណាង៩៦