បន្ទាយមានជ័យ ៖ ខ្វះតែប៉ុន្មានថ្ងៃទៀតចូលរោងអាពាហ៍ពិពាហ៍ កូនកម្លោះ កូនក្រមុំនិងសាច់ញាតិ បានជិះគោយន្តរួមគ្នា យកប្រាក់បណ្ដាការទៅជូនឪពុកម្តាយក្មេក បែរជួបគ្រោះអកុសល ស្លាប់និងរបួសជាច្រើននាក់ កើតឡើងនៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចកំណាត់ផ្លូវលេខ២៥៦៣ (ថ្មពួកបឹងត្រកួន) ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា កូនកំលោះបានយកប្រាក់បណ្ដាការ ទៅប្រគល់ជូនឪពុកម្ដាយខាងស្រី ដើម្បីរៀបមង្គលការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ តែចៃដន្យគោយន្តដាច់ដៃចង្កូត រេធ្លាក់ចូលប្រឡាយទឹកក្រឡាប់ បណ្ដាលឱ្យស្លាប់២នាក់ របួសច្រើននាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះ ឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក បានបើកបរគោយន្ដកន្ត្រៃ យកប្រាក់បណ្ដាការ ទៅប្រគល់ជូនម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត និងមានអ្នករួមដំណើរមានគ្នា០៧នាក់ (កូនកំលោះ-កូនក្រមុំ) និងមានដាក់អុសផងដែរ ។
ជនរងគ្រោះ៧នាក់រួមមាន ១- ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ កូនកំលោះ(ស្លាប់), ទី២-ឈ្មោះ ជាតិ សុខន ភេទស្រីអាយុ១៩ឆ្នាំ (កូនក្រមុំ) របួសបាក់ដៃឆ្វេង :ទី៣- ឈ្មោះ ព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់) ,ទី៤- ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់, ទី៥- ឈ្មោះ អិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ របួសបាក់ដៃ, ទី៦- ឈ្មោះហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ របួសបាក់ជើងខាងស្ដាំ និងទី៧ អ្នកបើកបរពុំមានរងរបួសទេ ។
ក្រោយទទួលបានដំណឹងខាងលើភ្លាម កម្លាំងប៉ុស្ដិ៍បានសហការជាមួយ កម្លាំងជំនាញចរាចរណ៍ស្រុកថ្មពួក បានចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ ចំណែកអ្នកស្លាប់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សំណាង៩៦