បរទេស ៖ ជនជាតិអាមេរិកពីរនាក់ ដែលត្រូវបានគេចាប់ពង្រត់ដោយជនសង្ស័យជួញដូរគ្រឿងញៀនម៉ិកស៊ិក ត្រូវគេរកឃើញថាបានស្លាប់កាលពីថ្ងៃអង្គារទី៧មីនា ឆ្នាំ២០២៣ ខណៈពីរនាក់ទៀតនៅរស់រានមានជីវិត នៅក្នុងអ្វីដែលក្រុមមន្ត្រីនិយាយថា «ហាក់បីដូចជាសោកនាដកម្មនៃការច្រឡំអត្តសញ្ញាណ»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួនដើម្បីធានាបាននូវយុត្តិធម៌សម្រាប់ជនរងគ្រោះ ដែលបានឆ្លងព្រំដែនចូលទៅក្នុងទីក្រុងញាំញី ដោយឧក្រិដ្ឋកម្ម ម៉ាតាម៉ូរ៉ូស (Matamoros) ក្នុងរដ្ឋថាមូលីប៉ាស (Tamaulipas) កាលពីថ្ងៃសុក្រ សម្រាប់ហេតុផលវេជ្ជសាស្រ្ត។
ចំណែកអគ្គរដ្ឋអាជ្ញារដ្ឋថា មូលីប៉ាស លោក អៀវីង បារៀស (Irving Barrios) បានប្រាប់អ្នកយកព័ត៌មានថា «ការចង្អុលបង្ហាញបឋមគឺថាការចាប់ពង្រត់គឺជាលទ្ធផលនៃ ការយល់ច្រឡំ ជាជាងការវាយប្រហារដែលបានកំណត់គោលដៅទុកជាមុន។
ក្រុមមន្ត្រីបាននិយាយថា អ្នកនៅរស់ទាំងពីរនាក់ត្រូវបានបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ តាមច្រកព្រំដែនគោក។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបញ្ចេញឈ្មោះជងរងគ្រោះទាំងពីរគឺ ឡាតាវៀ វ៉ាស៊ីនតោន ម៉ាហ្គី (Latavia Washington McGee) និង អេរិក ជេមស៍ វីលលៀម (Eric James Williams)។
យោងតាមអភិបាលរដ្ឋថា មូលីប៉ាស លោក អាមេរីកូ វីលយ៉ារៀល (Americo Villarreal) បានឱ្យដឹងថា អ្នកនៅរស់ម្នាក់បានរងរបួសត្រូវគ្រាប់កាំភ្លើងចំជើង និងម្នាក់ទៀតមិនមានរបួសទេ។ ជនរងគ្រោះបានទៅលេងម៉ិកស៊ិកដោយសារតែពួកគេម្នាក់ក្នុងចំណោមនោះមានគម្រោងធ្វើការវះកាត់កែសម្ផស្ស។
គេមិនច្បាស់ភ្លាមៗទេថា តើការស្លាប់ទាំងពីរនោះបានកើតឡើងមុនឬអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះនោះទេប៉ុន្តែលោកវីយ៉ារៀលនិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទាំងបួននៅមានជីវិតរហូតដល់យ៉ាងហោចណាស់ថ្ងៃចន្ទ។
លោកបានបន្តថា “«ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីអំពើឧក្រិដ្ឋកម្ម មនុស្សទាំងបួននាក់ ដែលត្រូវបានដកហូតសិទ្ធិសេរីភាព ត្រូវបានផ្ទេរទៅកន្លែងផ្សេងៗរួមទាំងគ្លីនិកមួយផងដែរក្នុងគោលបំណងបង្កើតភាពច្របូកច្របល់និងបញ្ចៀសការប្រឹងប្រែងជួយសង្គ្រោះ»។
លោកវីយ៉ារៀលបានបន្ថែមថា សាកសពរបស់ពលរដ្ឋអាមេរិកពីរនាក់រំពឹងធ្វើមាតុភូមិនិវត្តន៍ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការសិក្សាផ្នែកកោសល្យវិច័យត្រូវបានបិទបញ្ចប់ក្នុងប្រទេសម៉ិកស៊ិក៕(ប្រែសម្រួលដោយ លោកសំណាង)