ភ្នំពេញ ៖ លោកឧកញ៉ា អ៉ឹម ប្រុស ហៅគ្រូសីល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាមព្រមទាំងដកហូតបានកាំភ្លើងចំនួន៥ដើម និង គ្រាប់កាំភ្លើងជាង ២០០គ្រាប់។
សមត្ថកិច្ចបានឱ្យដឹងថា លោកឧកញ៉ា អ៉ឹម ប្រុស ហៅគ្រូសីល អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់សៀម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀមកាលពីកំឡុងឆ្នាំ២០១៥-២០១៦ និងឆ្នាំ២០១៧។
សមត្ថកិច្ចបន្តថា ក្នុងពេលសមត្ថកិច្ចអនុវត្តដីកាបង្គាប់ខាងលើនេះ ក៏បានរកឃើញអាវុធខ្លីចំនួន ៥ដើម រួមមាន ម៉ាកឡុកCF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាកK59 ពណ៌ខ្មៅ ចំនួន១ដើម និង ម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម រួមទាំងបណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន ១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់,សាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាមេរ៉ាសុវត្ថិភាពចំនួន០២គ្រឿង, ខ្នោះដៃចំនួន០៥គូ និង ស្រោមខ្នោះចំនួន០៤។
បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំយកជនសង្ស័យ និងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីទៅកាន់តុលាការ៕ ដោយ សំណាង៩៦