ភ្នំពេញ ៖ ជនដៃដល់សម្លាប់សង្សារ នៅខេត្តព្រះសីហនុ ត្រូវបាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន បាននៅវេលា ម៉ោង១២និង៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ មូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សារ របស់ខ្លួនឈ្មោះ សៀក ស៊ាវឡី អាយុ២២ឆ្នាំ ពិតប្រាកដមែន ដោយសារតែ ការប្រចណ្ឌ ខឹងសង្សាររបស់ខ្លួនផឹកសុី និងដេកបែកបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្នុងបរិវេណមុខរោងចក្រមួយកន្លែង មានឈ្មោះ “បេវឈីវើ” ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការតាមនីតិវិធី ៕ ដោយ ៖ ប៉ូច គឹមសុខ