ម្នាក់យកដុំថ្មគប់លើរថយន្តគេ និង បុរសម្នាក់ ឆក់យកទូរសព្ទគេ ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន

កណ្ដាល ៖ បុរសម្នាក់យកដុំថ្មគប់លើរថយន្តគេ និង បុរសម្នាក់ឆក់យកទូរសព្ទគេ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនជាបន្តបន្ទាប់ ហើយបានកសាងសំណុំរឿងបញ្ជូនទីសាលាដំបូងខេត្តកណ្តាល។

ករណីទី១-បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី៦ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១អធ្រាត្រ នៅចំណុច ជិតគល់ស្ពានព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីយកដុំថ្មគប់លើរថយន្តគេខូចទ្វារមួយផ្ទាំង ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ត្រូ រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះបានខូចខាតទ្វាររថយន្តខាងក្រោយមួយផ្ទាំង។

ចំណែកជនសង្ស័យឈ្មោះសុខ សារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ សម្ភារចាប់យកដុំថ្មចំនួន២ដុំជារបស់ជនសង្ស័យ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះបានត្រឡប់មកពីហូបការមិត្តភក្តិវិញក៏បានបើករថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ខៀវចាស់ ឆ្នាំ២០១០ ផ្លាកលេខ ភ្នំពេញ 2BT-4451 មកដល់ចំណុចជិតគល់ស្ពានព្រែកហូរលិច ក៏ស្រាប់តែមានជនសង្ស័យម្នាក់ខាងលើស្រវឹងស្រាបានយកដុំថ្មមកគប់ទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលឱ្យកំពិតទ្វាររថយន្តខាងក្រោយ។ 

ជនរងគ្រោះក៏បានបើករថយន្តរត់មកដល់ប៉ុស្តិ៍ព្រែកហូរដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរហូតដល់ម៉ោង១អធ្រាត្រចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក៏ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកហូរ ។

ករណីទី២-បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពី ទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកទូរសព្ទគេ នៅចំណុច មុខសាលាខេត្តកណ្តាលភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ខាន់ សុគង្គារ ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។

ចំណែកជនសង្ស័យឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្អាងភ្នំ ឃុំដំរីឆ្លង ស្រុងស្អាង ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ សេរី២០១៦ ស្លាកលេខ ភ្នំពេញ១DB 5607 ជារបស់ជនសង្ស័យនិងទូរសព្ទ០១គ្រឿងម៉ាកiphone 12pro max ពណ៏ទឹកមាស ជារបស់ជនរងគ្រោះ។

សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះបានជិះម៉ូតូហើយទុកទូរសព្ទរបស់ខ្លួនក្នុងឃ្លុបម៉ូតូ ពេលនោះក៏មានជនសង្ស័យម្នាក់ខាងលើ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់យក ហើយជិះរត់គេចខ្លួន ,ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ផ្អើលអស់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចក្រុងតាខ្មៅដេញចាប់ខ្លួនបាននៅចំណុចក្នុងផ្សារតាខ្មៅចាស់តែម្តង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា«ខ្លួនគាត់ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទគេចំនួន២ដងមកហើយទាំងលើកនេះ ដោយលើកទី១ឆក់នៅឃុំព្រែកគយ ស្រុងស្អាង បានទូរសព្ទoppoពណ៌ក្រហមនិងលើកទី២ឆក់នៅមុខសាលាខេត្តកណ្តាលពីស្រ្តីម្នាក់ ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង»។


បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋានជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *