ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចកាបូបប្រាក់ នៅផ្ទះសំណាក់ម៉ូវីនភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី០៦មីនាឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីរសៀល។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ មិន គឹមឡេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះដាង ជ័យ ភេទប្រុស កើតឆ្នាំ២០០៨ ជនជាតិខ្មែរមុខរបរគ្មាន ស្នាក់នៅភូមិព្រែក សង្កាត់ច្បារអំពៅ១។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទុកកាបូបប្រាក់ពណ៌ខ្មៅ ដែលក្នុងកាបូបមានប្រាក់ ២០០ដុល្លារលើតុក្នុងផ្ទះសំណាក់ខាងលើ រួចទៅនោម ,ស្រាប់តែជនសង្ស័យដើរមកលួចកាបូប ប្រាក់ជនរងគ្រោះគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ពេលនោះក៏មានសមត្ថកិច្ចល្បាតក្បែរនោះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី ៕ដោយធ្នូជ័យ