ភ្នំពេញ ៖ សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានអ្នកស្រុកប្រទះឃើញ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីឡូតិ៍ទុកចោលគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
សមត្ថកិច្ចនិយាយថា សាកសពមិនស្គាល់ឈ្មោះ និង ទីលំនៅ ភេទប្រុស ស្លៀកខោយឺតជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែងរូត ពណ៌ខ្មៅ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ថាត ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ បានឱ្យដឹងថា កាលពីថ្ងៃទី ០៦ មីនា ឆ្នាំ២០២៣ វេលាម៉ោង៧និង២០នាទី ខ្ញុំបាទបានទៅច្រូតស្មៅនៅក្រោយភូមិព្រែកថ្មី១ កន្លែងកើតហេតុខាងលើ ។ពេលខ្ញុំកំពុងតែច្រូតស្មៅ ស្រាប់តែប្រទះឃើញសាកសព មនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដេកស្លាប់ផ្ងារមុខ ស្លៀកខោយឺតជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែង រូត ពណ៌ខ្មៅ(សពមានសភាព ហើមស្អុយ រលួយ មានដង្កូវរោម) ឃើញដូច្នោះខ្ញុំក៏ ទៅប្រាប់រឿងហេតុនេះដល់ឈ្មោះ បុិច ជាប្រជាការពារភូមិព្រែកថ្មី តែម្តង។
បើយោងតាមការបំភ្លឺរបស់ឈ្មោះ សុខ បុិច ភេទ ប្រុស អាយុ ៦៣ឆ្នាំ មុខរបរប្រជាការពារភូមិព្រែកថ្មី បានឱ្យដឹងថាកាលពីថ្ងៃទី ០៦មីនាឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី ខ្ញុំកំពុងរៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកថ្មី ក៏មានឈ្មោះហ៊ុន ថាត មកប្រាប់ខ្ញុំថា «បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណដេកស្លាប់នៅកន្លែងកើតហេតុខាងលើ»ខ្ញុំបានរាយការណ៍ទៅសមត្ថកិច្ចមូលថ្ឋានឱ្យចុះមកពិនិត្យមើលតែម្តង។
តាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង តាមពិនិត្យរបស់លោកឧញ៉ាវេជ្ជបណ្ឌិត នងសុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបញ្ជាក់ថា «សពមិនអាចសន្និដ្ឋានបាន ដោយសារសពហើមស្អុយរលួយដង្កូវចោះខ្លួនប្រាណនិងភ្នែក ស្បែកលលាដ៏ក្បាលជ្រុះខ្លះ ទ្រោមស្វិតទៅវិញ»។បច្ចុប្បន្នសាកសពប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បន្តនីតីវិធី៕(ដោយ សំណាង៩៦)