ពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន នាថ្ងៃទី៥ មីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើជនរងគ្រោះជាសិស្សម្នាក់ត្រូវជាក្មួយអាយុ៩ឆ្នាំ នៅថ្ងៃចុងក្រោយ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ភូមិទួលត្បែង ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ផាត់ វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលត្បែង ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ចំណែកជនរងគ្រោះ ឈ្មោះ ស ខ អាយុ៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរមុខរបរសិស្ស មានលំនៅភូមិឃុំកើតហេតុជាមួយគ្នា ។
យោងកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ទ.ឃ ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយជនរងគ្រោះបានបញ្ជាក់ថា អស់រយៈពេល២ ទៅ ៣ ខែហើយដែលខ្លួនទុកកូនស្រីឱ្យឈ្មោះផាត់ វ៉ិតមើលថែ ហើយខ្លួនទៅធ្វើការនៅទីក្រុងភ្នំពេញ ,លុះដល់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានទទួលទូរសព្ទពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ថា«កូនស្រីខ្លួនត្រូវគេចាប់រំលោភ»។
ស្ត្រីជាម្តាយបន្តថា ពេលបានដំណឹងភ្លាមខ្លួនបានសុំថៅកែមកផ្ទះ លុះដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ខ្លួនមកដល់ផ្ទះសួរកូនថា«នរណាចាប់រំលោភកូន»,ពេលនោះកូនខ្លួនប្រាប់ថា«ឈ្មោះ ផាត់ វ៉ិត បានចាប់កូនរំលោភ ១១ដងហើយ»ដឹងដូចនេះខ្លួនក៏នាំកូនមកប្តឹងដល់សមត្ថកិច្ចតែម្តង។
បើយោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ស ខ បានរៀបរាប់ឱ្យដឹងថា«អស់រយៈពេល២ខែហើយដែលឈ្មោះផាត់ វ៉ិត ចាប់រំលោភខ្លួនបានសម្រេចចំនួន១១ដង ដោយចាប់នៅផ្ទះគាត់ ក្នុងផ្ទះបាយបានសម្រេច៦ដង និងកន្លែងផ្សេងទៀត៥ដងហើយគាត់តែងតែគំរាមសម្លាប់ខ្លួនបើហ៊ានតែប្រាប់ម៉ែឪ »។
នាងបន្តថា លុះដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង១រសៀល ខ្លួនបានទៅហៅប្អូននៅផ្ទះអ៊ុំក៏ត្រូវឈ្មោះ វ៉ិត ចាប់ម្តងទៀតតែខ្លួនបានរត់រួច ហើយមកប្រាប់អ៊ុំមុំតែម្តងថា «ពូវ៉ិតចាប់រំលោភខ្លួន»ដឹងដូចនេះឈ្មោះមុំក៏នាំខ្លួនមកប្តឹងឃុំ និងមកប្តឹងសមត្ថកិច្ចតែម្តង ។
តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះផាត់ វ៉ិត បានរៀបរាប់ឱ្យដឹងថា អស់រយៈពេល២ ទៅ៣ខែហើយដែលឈ្មោះ សខ តែងតែមកដេកផ្ទះខ្លួនជារៀងរាល់យប់ ហើយខ្លួនក៏បានចាប់ឈ្មោះ ស ខ រំលោភរហូតបានសម្រេច១០ដង។លុះដល់ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៣វេលាម៉ោង ១រសៀលខ្លួនបម្រុងចាប់រំលោភម្តងទៀត តែត្រូវ ស ខ រត់រួចហើយមកប្រាប់បងប្អូនវាតែម្តង ។ ជនសង្ស័យបានសារភាពទៀតថា «ខ្លួនពិតជាបានចាប់ រំលោភចំនួន១០ដងពិតប្រាកដមែនតែមិនបានសម្រេចទេ»។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាត់ វ៉ិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕ ដោយ សំណាង៩៦