ភ្នំពេញ ៖ បុរសចិនម្នាក់បានលោតពីលើអគារជាន់ទី៣ បណ្តាលឱ្យជង់នឹងចម្រឹងរបងស្លាប់ នៅចំណុចបន្ទប់លេខ៣០៣ ជាន់ទី៣ ផ្ទះលេខ៣៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ១១និង៣០ នាទី ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពឈ្មោះ DING BAIFA ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិចិន មុខរបរនៅផ្ទះ កាន់លិខិតឆ្លងដែនលេខED៧៤០៤៣១៧ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
យោងតាមការបំភ្លឺពីឈ្មោះ WANG QIAN ភេទប្រុស ឆ្នាំកំណើតនាំ១៩៩០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE៧៥៤៩១១៤២ ស្នាក់នៅកន្លែងកើតហេតុជាមួយជនរងគ្រោះបានឱ្យដឹងថា«ខ្ញុំ និង ជនរងគ្រោះបានស្នាក់នៅក្នុងជាន់ទី៣ជាមួយគ្នា តែបន្ទប់ផ្សេងគ្នា កន្លងមកមានជនជាតិចិន និងខ្មែរផ្សេងរស់នៅក្នុងអគារនេះដែរតែរើចេញអស់ទៅហើយ និងខ្លះទៀតទៅធ្វើការនៅខេត្ត»។
សាក្សីបន្តថា «នៅវេលាម៉ោងប្រហែល១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៣ ពេលខ្ញុំកំពុងនៅក្នុងបន្ទប់ស្រាប់តែឮសំឡេងឌឹបដូចមានអ្វីមួយធ្លាក់ទៅក្រោម ទើបខ្ញុំបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ តែគ្មានសំឡេងតបចាក់សោជាប់ពីក្នុង ទើបខ្ញុំបានធាក់ទម្លុះទ្វារ បណ្តាលឱ្យរបើកផ្ទាំងទ្វារ ហើយខ្ញុំបានមួលបើកគន្លឹះ ចូលទៅក្នុងតែពុំឃើញជនរងគ្រោះ ហើយខ្ញុំបានចុះមកក្រោម ស្រាប់តែឃើញជនរងគ្រោះនៅលើរបងផ្ទះចំហៀងខាងលិចជុងគូទជាប់នឹងចំរឹងដែករបង»។
សាក្សីដដែលបន្តទៀតថា «ខ្ញុំក៏បានទំនាក់ទំនងទៅមន្ទីរពេទ្យប៊ីធន់កម្ពុជា-ចិន ពេលគ្រូពេទ្យមកដល់ក៏មិនអាចយកជនរងគ្រោះចុះមកក្រោមបាន និងមិនមានសម្ភារកាត់ដែក ក៏បានទំនាក់ទំនងទៅមនុស្ស២នាក់ទៀត បានមកដល់យកម៉ូទ័រកាត់ដែកមក ដាក់ជណ្តើរឡើងហើយយកម៉ូទ័រកាត់ដែកទៅកាត់ចម្រឹងដែកទម្លាក់ជនរងគ្រោះមកក្រោម តែជនរងគ្រោះស្លាប់បាត់ទៅហើយ»។
ក្រោយពីសភាពការកើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់នឹងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ,នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ, ការិយាល័យព្រហ្មទហ្មកម្រិតធ្ងន់ និងគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញដើម្បីបង្កើតគណ:កម្មការធ្វើកោសល្យវិច័យ ពិនិត្យកន្លែងកើតហេតុ ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយសារជុងគូទនឹងចម្រឹងដែករបង ដោយលោតពីបន្ទប់ជាន់ទី៣ទៅក្រោមជុងគូទនឹងចម្រឹងដែករបង»។ បច្ចុប្បន្នសាកសពតម្កល់នៅវត្តស្ទឹងមានជ័យ ៕ (ដោយ សំណាង៩៦)