ម៉ូតូ២គ្រឿងបើកបុកគ្នា របួស២នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ​និងម៉ូតូ បណ្តាលឱ្យរបួសមនុស្ស២ នាក់ កើតឡើងនាថ្ងៃសៅរ៍ ទី០៤ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧និង១០នាទីយប់ ត្រង់ចំណុចកែងផ្ទះលេខ១៥៤ លើផ្លូវបេតុង១១២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋាននិយាយថា ភាគីម៉ូតូ​ម៉ាក FZ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BQ ៣២២៩ បើកបរ​ដោយ​ឈ្មោះផុន លីដា ភេទ​ប្រុស អាយុ​២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់​នៅតាមផ្លូវ​បេតុង១១២ ភូមិរបោះអង្កាញ់ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ បើកបរឆ្លងផ្លូវបេតុង១១២ ទិសដៅពីជើងទៅត្បូង ។

លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បុកជាមួយ ម៉ូតូមួយគ្រឿង ម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខយ៦៥២១-ភព១  បើកបរដោយឈ្មោះ សួស សុខន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅតាមផ្លូវបេតុង១១២ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបរលើផ្លូវបេតុង១១២ ទិសដៅ ត្បូងទៅជើងបណ្តាលឱ្យរបួស​ធ្ងន់​​ស្រីម្នាក់ អ្នកបើកបរ​ម៉ូតូ VIVA ពណ៌ខ្មៅ ត្រូវ​យកទៅ​សម្រាកនៅ​មន្ទីរ​ពេទ្យណាត្រាបឹងទំពុននិងរបួសស្រាលម្នាក់ អ្នកបើកបរ ម៉ូតូFZ ត្រូវយកទៅមន្ទីរពេទ្យ បង្អែកច្បារអំពៅ ។

បច្ចុប្បន្នយានយន្តទាំង២ ត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដេីម្បីចាត់ការនីតិវិធីបន្ត ។ចំពោះមូលហេតុដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ គឺមកពីអ្នកបេីកបរ ម៉ូតូ FZ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *