ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី៤មីនា ឆ្នាំ២០២៣ បន្ទាប់ពីជនរងគ្រោះឱ្យលុយ៨១០ដុល្លារទៅលោះយកម៉ូតូពីហាងបញ្ចាំមកវិញ ចែរជាយកលុយចាយអស់ កាលពីថ្ងៃទី ១១ឆ្នូ ឆ្នាំ២០២២ម៉ោង០៩និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ឆ្នូ ឆ្នាំ២០២២ ម៉ោង០៩និង៣០នាទី។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះហង្ស សាមឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសណ្ឋាគារស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះ ហេង លីម ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគួកជេរម៉ូតូ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានពឹងជនសង្ស័យយកម៉ូតូហុងដាស្កូពី ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ ១K-៥៧៥២ ទៅបញ្ចាំគេបានប្រាក់ ៧០០ដុល្លារ។ រហូតដល់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៩និង៣០នាទីជនសង្ស័យមក ផ្ទះជនរងគ្រោះ (ផ្ទះកើតហេតុ) រួចជនរងគ្រោះក៏ផ្ញើប្រាក់ ៨១០ដុល្លារ តាមរយៈធនាគារ ABA ឱ្យជនសង្ស័យទៅលោះយកម៉ូតូ របស់ខ្លួនម៉ាកខាងលើមកវិញ ។
សមត្ថកិច្ចបន្តទៀតថា ពេលនោះជនសង្ស័យពុំបានទៅលោះម៉ូតូឱ្យជនរងគ្រោះទេ រួចក៏យកប្រាក់ ៨១០ដុល្លារនោះទៅស៊ីចាយ និងទិញគ្រឿងញៀនជក់អស់។ លុះដល់ថ្ងៃទី ០៤មីនាឆ្នាំ២០២៣ វេលាម៉ោង៨យប់ ជនរងគ្រោះឃើញជនសង្ស័យនៅម្តុំផ្សារដើមគរ ខណ្ឌទួលគោក ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរនិងចាត់ការតាមនីតិវិធីតែម្តង ៕ដោយ ធ្នូជ័យ