ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅក្រោមកង់រថយន្ត ខណៈពេលជិះម៉ូតូម៉ាកស្កូពីចេញពីផ្ទះទៅធ្វើការនៅផ្សារទំនើបអ៉ីអន៣ ត្រូវរថយន្ដដឹកខ្សាច់បុកកិនជាប់ពីលើ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី ០៥ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ថៃ គឹមហ៊ាង អាយុ ជាង៤០ឆ្នាំ បម្រើកាងារជាសន្តិសុខផ្នែកផាក ឃីង នៅផ្សារទំនើបអ៉ីអន៣ ស្នាក់នៅភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ។
ប្រភពបន្តថា មុនកើតហេតុគេឃើញបុរសជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-1411 ជិះតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម, លុះមកដល់ចំណុចកើតហេតុជិតដល់ច្រកចូលបុរីជីបម៉ុង ស្រាប់តែមានរថយន្តបង្កដឹកខ្សាច់មួយគ្រឿងទៀតពណ៌ស មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។
ពេលនោះក៏បុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងរួចកិនពីលើជនរងគ្រោះជាប់ក្រោមកង់ស្លាប់តែម្តង។ ចំណែកតៃកុងរថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។បន្ទាប់មកក៏បានពលរដ្ឋជិតខាងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុរួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងដើម្បីធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោករាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ចំណែកសពបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយសំណាង៩៦