ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្សឯកជន ឈ្មោះ អឹម២៥ ប៊ីយូធី ខណ្ឌដូនពេញ របស់លោកវេជ្ជបណ្ឌិត ភោគ ចន្ធី ជាអ្នកទទួលខុសត្រូវដោយមូលហេតុ បុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាល ដែលបណ្ដាលឱ្យមនុស្សស្លាប់។
ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ ដែលមានជាធរមាន ចំពោះបុគ្គល ដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ។
សូមជម្រាបថា ស្ត្រីម្នាក់បានស្លាប់នៅបន្ទប់ជាន់ទី១ កន្លែងវះកាត់កែសម្ភស្សដើមទ្រូង ខុសបច្ចេកទេស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៧០ ផ្ទះលេខ ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឃុន ចន្នី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិ គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត មានស្វាមីនិងកូន ។ ប្រភពបញ្ជាក់ថា ស្រ្តីរងគ្រោះបានសុំស្វាមីរបស់ខ្លួន មកភ្នំពេញជាមួយមិត្តភក្តិ ដើម្បីកែសម្ផស្ស ប៉ុន្តែជាអកុសល បែរជាជួបរឿងអាក្រក់បែបនេះ ។ភ្លាមៗក្រោយស្រ្តីរងគ្រោះផុតដង្ហើម អ្នកទទួលខុសត្រូវ និងអ្នកវះកាត់បាននាំគ្នារត់គេចអស់ ៕ ដោយ ៖ ធ្នូជ័យ