បរទេស ៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា មានគ្រោះអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅឃ្លាំងស្តុកឥន្ធនៈ ក្នុងរដ្ឋធានីរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រទី៣មីនា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បាត់បង់ជីវិតនិងរាប់សិបនាក់ផ្សេងទៀតរងរបួស និង បានបង្ខំឱ្យមានការជម្លៀសអ្នកស្រុកជិតៗនោះរាប់ពាន់នាក់ បន្ទាប់ពីភ្លើងបានរាលដាលដល់ សង្កាត់របស់ពួកគេរស់នៅ ។
ចំណែកស្ថានីយស្តុកប្រេងឥន្ធនៈនៅផ្លាំប៉ាង (Plumpang) ដែលដំណើរការដោយក្រុមហ៊ុនប្រេងនិងឧស្ម័នរដ្ឋPertamina គឺស្ថិតនៅជិតតំបន់ដែលមានប្រជាជនច្រើននៅក្នុងសង្កាត់ តាណាមេរ៉ា (Tanah Merah) នៅភាគខាងជើង នៃទីក្រុងហ្សាការតា។ ស្ថានីយនេះបានផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈ២៥ភាគរយរបស់ឥណ្ឌូនេស៊ី។
ឯក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អ្នកពន្លត់អគ្គិភ័យចំនួន ២៦០ នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន ៥២ គ្រឿងបានព្យាយាមពន្លត់ភ្លើងនៅក្នុងសង្កាត់ក្បែរនោះ។
ចំណែកវីដេអូនៃអគ្គិភ័យ ដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញឱ្យឃើញមនុស្សរាប់រយនាក់នៅក្នុងសហគមន៍កំពុងរត់ទាំងភ័យស្លន់ស្លោ ខណៈផ្សែងខ្មៅនិងអណ្តាតភ្លើងពណ៌ទឹកក្រូច បានហុយពេញមេឃ ហើយក្រុមអ្នកពន្លត់អគ្គិភ័យនៅតែបន្តព្យាយាមពន្លត់ភ្លើង។
លោកអេកូ គ្រីស្ទីយ៉ាវ៉ាន់ (Eko Kristiawan) អ្នកគ្រប់គ្រងតំបន់របស់ក្រុមហ៊ុន Pertamina បាននិយាយថា«ការស៊ើបអង្កេតបឋមបានបង្ហាញថា ភ្លើងបានឆាបឆេះ នៅពេលដែលបំពង់បង្ហូរប្រេងបានប្រេះក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលមកពីរន្ទះបាញ់ ហើយអគ្គិភ័យនេះនឹងមិនរំខានដល់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសនោះទេ»។
លោក ហេរូ ប៊ូឌី ហាតូណូ (Heru Budi Hartono) អភិបាលស្តីទីនៃក្រុងហ្សាការតា បាននិយាយថា «មនុស្សជម្លៀសប្រហែល ៦០០ នាក់កំពុងត្រូវបាននាំទៅជម្រកបណ្តោះអាសន្ន នៅការិយាល័យរដ្ឋាភិបាលនានា និង ពហុកីឡដ្ឋានមួយ»។
លោក សាទ្រីយ៉ាឌី ហ្គូណាវ៉ាន់ (Satriadi Gunawan) ជាប្រធានផ្នែកពន្លត់អគ្គិភ័យនិងជួយសង្គ្រោះរបស់ទីក្រុងហ្សាការតា បាននិយាយថា «មានមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានបាត់បង់ជីវិត ក្នុងនោះមានកុមារ ២ នាក់ និង៥០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយខ្លះមានការរលាកធ្ងន់ធ្ងរ»៕(ប្រែសម្រួលដោយ លោកសំណាង)