ភ្នំពេញ៖ ៖ ទីតាំងស្តុកអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះសន្ធោសន្ធៅ ដោយពុំទាន់ដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ទីតាំងស្តុកអេតចាយមួយនេះមានថៅកែជាជនជាតិចិន ហើយនៅទីនោះបានស្តុកទៅដោយអេតចាយរាប់សិបតោនដែលភាគច្រើនគឺជាក្រដាសនិងជ័រ ដែលងាយឆាបឆេះបំផុត ។នៅពេលកើតហេតុ គេបានឃើញមានផ្សែងហុយឡើងលើ ហើយមិនយូរប៉ុន្មានក៏មានអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅយ៉ាងឆាប់រហ័សរាលពេញក្នុងទីតាំងនោះតែម្ដង។
ប្រភពខាងលើបានបន្ថែមទៀតថា ខណៈនោះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រុមកម្មករនៅទីនោះ បាននាំគ្នាប្រើបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ដែលប៉ុន្តែពុំរលត់នោះឡើយ។ ភ្លើងបានឆេះកាន់តែខ្លាំងឡើងៗ ទើបរាយការណ៍ទៅអាជ្ញាធរ ដើម្បីសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ បន្តិចក្រោយមកមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ទីនោះ ធ្វើការបាញ់ពន្លត់អស់ទឹកច្រើនរថយន្តទើបភ្លើងរលត់ទៅវិញ។
សមត្ថកិច្ចបានប្រាប់ថា អេតចាយនិងទូកុងតឺន័រ១ផងត្រូវបានភ្លើងឆេះទាំងស្រុង ប៉ុន្តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិនោះឡើយ ព្រោះទីតាំងនេះស្ថិតនៅឆ្ងាយពីគេឯង ។យ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីទំហំឆេះខូចខាតគិតជាទឹកប្រាក់បាននៅឡើយ ៕(ដោយ សំណាង៩៦)