ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលបានបង្កការផ្ទុះអាវុធ ចំនួន១២គ្រាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមិនាឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាន់កាប់,ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចខុនដូR & F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣ទៀបភ្លឺ។
សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ GUAN JIANNAN ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន មុខរបរពាណិជ្ជករ ស្នាក់នៅខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន អាវុធខ្លីម៉ាកអាវុធខ្លីម៉ាក Sig Sauer បង់ចំនួន០២, អាវុធខ្លីម៉ាក Blow Mini បង់ចំនួន០១, គ្រាប់ប្រភេទ ៩mm ចំនួន៧៨គ្រាប់ ,គ្រាប់ប្រភេទ ៣៨០ ចំនួន ៤៦ គ្រាប់, សំបកគ្រាប់ប្រភេទ៩mm ចំនួន១២គ្រាប់, សំបកគ្រាប់ប្រភេទ ៣៨០ ចំនួន០៥គ្រាប់, កុំព្យូទ័រម៉ាកBolunshuai និងក្តារចុច ចំនួន០១គ្រឿង, ទូរសព្ទដៃម៉ាកអាយហ្វូន១២មីនី ពណ៌ក្រហម ចំនួន០១គ្រឿង និងទូរសព្ទដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ទឹកប៊ិច ចំនួន០១គ្រឿង, លិខិតឆ្លងដែនលេខចំនួន ០១ក្បាល, សៀវភៅការងារជនបរទេស ចំនួន០២ក្បាល (ឈ្មោះ GUAN JIANNANនិង CONG XIN), បណ្ណបើកបរជនជាតិចិន ចំនួន០១, MACBOOK AIR ចំនួន០១គ្រឿង ,ប្រាក់រៀលចំនួន១០០,០០០រៀល និងប្រាក់ដុល្លារចំនួន០៥ដុល្លារអាមេរិក។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យបានបញ្ជូនសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕(ដោយ សំណាង៩៦)