ស្វាយរៀង ៖ មានករណីឆេះអគារជាន់ទី០៦ នៃកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង១១និង៣០នាទីយប់ ទើបរលត់ទាំងស្រុង បន្ទាប់ពីសមត្ថកិច្ចបានជម្លៀសមនុស្សចេញអស់ និង បាញ់ទឹកពន្លត់ តែមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ហើយមូលហេតុឆ្លងចរន្តអគ្គិសនី ក្នុងអគារកំពុងជួសជុល ។
សមត្ថកិច្ចនិយាយថា លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងនគរបាលខេត្តស្វាយរៀង អន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទើបអាចគ្រប់គ្រងបាន នៅវេលាម៉ោង ប្រមាណ៨យប់ ហើយបានរលត់ទាំងស្រុង នៅវេលាម៉ោង១១និង៣០ នាទីយប់ ។
សមត្ថកិច្ចបន្តថា កិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ដោយប្រើប្រាស់រថយន្តស្ទូច ០២គ្រឿង ,រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និង រថយន្តដឹកទឹកជំនួយ ០១គ្រឿង ។
ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាលខេត្ត ០២ គ្រឿង, អធិការដ្ឋាននគរបាលក្រុងបាវិត ០២គ្រឿង,ស្រុកចន្រ្ទា ០១ គ្រឿង, ស្រុកស្វាយទាប ០១ គ្រឿង, ស្រុកកំពង់រោទិ៍ ០១ គ្រឿង, ស្រុករំដួល ០១ គ្រឿង,ស្រុកស្វាយជ្រំ ០១ គ្រឿង,កងរាជអាវុធហត្ថខេត្ត ០១ គ្រឿង,កងរាជអាវុធហត្ថក្រុងបាវិត ០១ គ្រឿង, តំបន់ពិសេសមេនហាតធេន ០២ គ្រឿង,តំបន់ពិសេសតាយ សេង០២ គ្រឿង,ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ០១ គ្រឿង ,រថយន្តរបស់នគរបាលស្រុកបេនកូវ ខេត្តតៃនិញ វៀតណាម ០៣ គ្រឿង (រថយន្តពន្លត់អគ្គិភ័យ ០២ និងដឹកទឹកជំនួយ ០១គ្រឿង) និងប្រើប្រាស់ទឹកអស់ ៦១ រថយន្ត ទើបរលត់ទាំងស្រុង៕ ដោយ សំណាង៩៦