ភ្នំពេញ ៖ ឃាតករម្នាក់ដែលបាញ់សម្លាប់ប្រពន្ធស្រស់ស្អាតរបស់ខ្លួន ដោយការប្រចណ្ឌ នៅចំណុចផ្ទះលេខ១៦៨ ផ្លូវលេខKS០៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង៣និង១៣នាទីរសៀល ថ្ងៃទី០២ខែមិនា ឆ្នាំ២០២៣ បានចូលមកសារភាពនៅនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ យ័ន គុយហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះកើតហេតុខាងលើ (បច្ចុប្បន្នឃាត់ខ្លួននៅក្រសួងមហាផ្ទៃ) ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ គន្ធា ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ផ្ទះលេខ១៦៨ ផ្លូវលេខKS០៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស្នាមគ្រាប់ចូលនៅក្រោមត្របកភ្នែកស្តាំ១កន្លែងបៀមក្បាលគ្រាប់និងស្នាមគ្រាប់ចូលបញ្ឆិតនៅលើថ្ពាលពីមុខទងត្រចៀកឆ្វេង ធ្លុះទងត្រចៀកធ្លាយបញ្ឆិតដល់ក្រោយទងត្រចៀកឆ្វេង។
សមត្ថកិច្ចបន្តថា ដំបូងមានមិត្តភក្តិជនរងគ្រោះម្នាក់ នៅល្ងាច ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ បានមករកជនរងគ្រោះតែមិនឃើញ ឃើញតែទ្វារផ្ទះបើកចំហរ ក៏ប្រាប់ទៅសន្តិសុខបុរី រួចក៏បានចូលទៅក្នុងផ្ទះ ឡើងទៅបន្ទប់ខាងលើឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏រាយការណ៍បន្តទៅលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ បានរាយការណ៍មកការិយាល័យ និងតាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យបានចាត់តាំងកម្លាំងជាបន្ទាន់ចុះទៅពិនិត្យនៅកន្លែងកើតហេតុ។
យោងតាមការបំភ្លឺពីឈ្មោះ គី មានិត ភេទស្រី អាយុ៣៦ឆ្នាំ ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង២និង២០នាទីល្ងាច ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ នាងខ្ញុំបានភ្ញាក់ពីដេកមកឃើញមានអ្នកស្គាល់គ្នាឆាតមកនាងខ្ញុំតាំងពីម៉ោង១២និង២០នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ ។ពេលនាងខ្ញុំស្តាប់ឆាត គេប្រាប់ថាឲ្យនាងខ្ញុំទៅមើលជនរងគ្រោះផងព្រោះឮដំណឹងថា«ឈ្លោះប្រកែកគ្នាជាមួយប្តី» ទើបនាងខ្ញុំបានទៅមើល ឃើញទ្វារផ្ទះបើកចំហរនាងខ្ញុំក៏ប្រាប់ទៅខាងសន្តិសុខ ហើយចូលផ្ទះឡើងទៅបន្ទប់ខាងលើ ឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម តែមិនឃើញប្តីគាត់ទេ។
បើយោងតាមការបំភ្លឺពីឈ្មោះ ហេង សុគា ភេទប្រុស អាយុ២៨ឆ្នាំ ជាសន្តិសុខបានឱ្យដឹងថា នៅវេលាម៉ោងដឹងកើតហេតុខាងលើ មាននារីម្នាក់បានមកប្រាប់ពួកខ្ញុំថា«ប្តីប្រពន្ធជនរងគ្រោះមានការឈ្លោះគ្នាតែក្នុងផ្ទះមានសភាពស្ងាត់សង្ស័យមានរឿងអី ទើបពឹងឱ្យពួកខ្ញុំឡើងទៅមើល ពេលចូលផ្ទះឡើងទៅក្នុងបន្ទប់ជាន់ទី១ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម តែមិនឃើញជនសង្ស័យទេ»។
តាមការត្រួតពិនិត្យកន្លែងកើតហេតុរបស់សមត្ថកិច្ចឃើញថា «ផ្ទះកើតហេតុជាផ្ទះល្វែងមាន១ជាន់ ទ្វារខាងមុខបើកចំហរ។ ដោយឡែកពិនិត្យបន្ទប់ដេកផ្ទះជាន់ទី១ពីខាងមុខ ឃើញមានសាកសពមនុស្សស្រីម្នាក់ស្លាប់ក្នុងថ្លុកឈាម, ស្នាមដានជើងប្រឡាក់ឈាមចំនួន២កន្លែង, សំបកគ្រាប់កាំភ្លើងចំនួន៣, ក្បាលគ្រាប់កំពិត១, បំណែកសំណរក្បាលគ្រាប់ (ពណ៌ទឹកប្រាក់ និងទង់ដែង) ស្នាមគ្រាប់បែកជញ្ជាំង១កន្លែង, ម្សៅក្រាមនៅក្នុងចាន ជាមួយកាតABA និងទុយោប៊ឺត ដាក់ក្នុងទូខោអាវ ។
ជុំវិញឃាតកម្មខាងលើ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា «ស្ត្រីរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង»។ សាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សំណាង៩៦