បរទេស ៖ ប៉ូលិសក្នុងតំបន់និយាយថា «ជនប្រដាប់អាវុធ បានគំរាមតារាបាល់ទាត់អាហ្សង់ទីន លីអូនែល ម៉េសស៊ីនៅក្នុងសារជាលាយលក្ខណ៍អក្សរមួយកាលពីថ្ងៃព្រហស្បតិ៍ទី២មីនា ឆ្នំា២០២៣ នៅពេលដែលពួកគេបើកការបាញ់ប្រហារទៅលើផ្សារទំនើបមួយ ដែលគ្រប់គ្រងដោយសាច់ថ្លៃរបស់គាត់នៅប្រទេសអាហ្សង់ទីន»។
យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួសក្នុងការវាយប្រហារទាំងព្រឹកនោះទេ ហើយគេមិនទាន់ដឹងច្បាស់ទេថា តើហេតុអ្វីបានជាជនវាយប្រហារដាក់គោលដៅលើផ្សារទំនើប Unico ក្នុងទីក្រុងរ៉ូសារីយ៉ូ (Rosario) ជាក្រុងធំជាងគេទីបីរបស់ប្រទេសនេះ ដែលគ្រប់គ្រងដោយក្រុមគ្រួសាររបស់ភរិយាគាត់ ឈ្មោះ អានតូនែលឡា រ៉ុកគូសហ្សូ(Antonella Roccuzzo)។
លោក ប៉ាប្លូ ចាវគីន (Pablo Javkin) អភិបាលក្រុងបានចុះទៅផ្សារទំនើបនេះហើយបានស្តីបន្ទោសអាជ្ញាធរសហព័ន្ធ ជុំវិញអ្វីដែលលោកហៅថា«បរាជ័យរបស់ពួកគេក្នុងការទប់ស្កាត់ការកើនឡើងអំពើហិង្សាទាក់ទងនឹងគ្រឿងញៀននៅទីក្រុងរ៉ូសារីយ៉ូ»ដែលមានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រពីភាគពាយព្យនៃរដ្ឋធានីប៊ុយណូស៊ែរ។
ប៉ូលិសក្រុងបាននិយាយថា បុរសពីរនាក់បានជិះម៉ូតូបាញ់រះជាង១០គ្រាប់នៅឯសាខាផ្សារទំនើប Unico ទាំងព្រឹកព្រលឹម ដោយបន្សល់ទុកសារមួយសរសេរលើផ្ទាំងបដាថា «ម៉េសស៊ី ពួកយើងកំពុងរង់ចាំឯង។ ចាវគីនក៏ជាអ្នកជួញដូរគ្រឿងញៀនដែរ ដូច្នេះគាត់នឹងមិនមើលថែឯងទេ»។
នៅថ្ងៃដដែល លោកម៉េសស៊ីមិនបានធ្វើអត្ថាធិប្បាយទេ។ ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា ម៉េសស៊ីត្រូវបានគោរពដូចព្រះនៅក្នុងប្រទេសអាហ្សង់ទីន ជាពិសេសចាប់តាំងពីគាត់បានដឹកនាំក្រុមជម្រើសជាតិឈ្នះវើលខាប់លើកដំបូង ក្នុងរយៈពេល៣៦ឆ្នាំ នៅប្រទេសកាតាកាលពីខែធ្នូកន្លងទៅ៕(ប្រែសម្រួលដោយ លោកសំណាង)