ព្រះសីហនុ ៖ ស្ត្រីជាម្នាក់ជាកម្មការិនីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុម្នាក់ត្រូវសង្សាររបស់នាងចាក់សម្លាប់ នៅច្រកទ្វារចូលរោងចក្រ ខណៈនាងចេញពីធ្វើការថែមម៉ោង នាវេលាម៉ោង១០យប់ថ្ងៃទី ១ខែមីនាឆ្នាំ២០២៣ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតករសម្លាប់ឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅ ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឆ្លងតាមការស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជាក់ថា ឃាតករជាសង្សារបស់នាងឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំមុខរបរកម្មកររោងចក្រជាមួយគ្នា មានស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនសង្ស័យបានធ្វើសកម្មភាព ប្រើវត្ថុចុងស្រួច ចាក់ចូលក្រោមក្លៀកខាងឆ្វេង ចំនួនមួយកន្លែងបណ្តាលឱ្យស្លាប់ភ្លាមៗ តែម្តង ហើយជនសង្សយ័បានរត់គេចខ្លួន ដែលទំនងជារឿងប្រចណ្ឌ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនឃាតករមកផ្តន្ទាទោសតាមច្បាប់ ,ឯសាកសព បានរៀបចំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ សំណាង៩៦