ភ្នំពេញ ៖ មានករណីបុរសជនជាតិចិនតៃវ៉ាន់ ជាភ្ញៀវទេសចរណ៍ម្នាក់ដេកស្លាប់ នៅចំណុចអាផាតមិន ៨ប្រេសស៉ីសរ៉ូប៊ី បន្ទប់លេខ៨០១ ជាន់ទី៨ ផ្លូវលេខ៣២០ ភូមិ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី០១មីនាឆ្នាំ២០២៣ វេលាម៉ោង១១និង២០នាទី។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សពឈ្មោះ CHIU HSIEN SZU ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែន ៣៦១០៦៦០៥៨ ស្នាក់នៅអាផាតមិន ៨ប្រេសស៉ីសរ៉ូប៊ី បន្ទប់លេខ៨០១ ជាន់ទី៨ ផ្លូវលេខ៣២០ ភូមិ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ អ្នកទេសចរណ៍ ។
យោងតាមការបំភ្លឺឈ្មោះ WANG TSO WEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែន ៣៥៣៦៣០៧៥៥ ដែលត្រូវជាមិត្តភក្ដិរបស់ជនរងគ្រោះ អះអាងថា កាលពីថ្ងៃទី២១កុម្ភៈឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១រូបខ្លួន និងមិត្តភក្ដិរបស់ជនរងគ្រោះម្នាក់ទៀត បានមកដល់ប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បន្ទាប់មកក៏បានបន្ដដំណើរតាមរថយន្ដទៅខេត្ដបាត់ដំបង ។
សាក្សីបន្តថា រហូតដល់ថ្ងៃទី២៧កុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង្របហែល៥និង១៥នាទីល្ងាច រូបខ្លួន និងជនរងគ្រោះបានត្រឡប់មកភ្នំពេញវិញ ក៏បានមកជួលបន្ទប់អាផាតមិន ៨ប្រេសស៉ីសរ៉ូប៊ី បន្ទប់លេខ៨០១ ជាន់ទី៨ ផ្លូវលេខ៣២០ ភូមិ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ដើម្បីស្នាក់នៅ, ចំណែកមិត្តភក្តិជនរងគ្រោះម្នាក់ទៀតស្នាក់នៅខេត្ដបាត់ដំបង។
សាក្សីដដែលបន្តថា លុះដល់ថ្ងៃទី២៨កុម្ភៈឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០និង៣០នាទីយប់ រូបខ្លួន និងជនរងគ្រោះ បាននាំគ្នាទៅផឹកសុីច្រៀងខារ៉ាអូខេ នៅម្ដុំបឹងកក់ ជាមួយមិត្តភក្ដិផ្សេងទៀតមានប្រមាណ១០នាក់ ផឹកស្រា(XR 21 ) អស់ចំនួនប្រហែល១០ដប រហូតដល់ម៉ោង០១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១មីនាឆ្នាំ២០២៣ បាននាំគ្នាត្រឡប់មកអាផាតមិនវិញ ហើយបានចូលសម្រាកតាមបន្ទប់រៀងៗខ្លួន ។
មកដល់វេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី១មីនាឆ្នាំ២០២៣ រូបខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ តែមិនបើកដោយមានការសង្ស័យ ក៏បានហៅអ្នកគ្រប់គ្រងដើម្បីយកសោចាក់ចូលមើល ក៏បានឃើញជនរងគ្រោះដេកស្លាប់លើឥតការ៉ូតែម្ដង។ លុះរហូតដល់វេលាម៉ោងប្រហែល១និង៣០នាទីរសៀលថ្ងៃដដែល ក៏បានរាយការណ៍មកសមត្ថកិច្ចចម្រុះ បានចុះមកធ្វេីការត្រួតពិនិត្យតែម្ដង។
យោងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានសន្និដ្ឋានថា «សាកសពឈ្មោះ CHIU HSIEN SZU ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង»។
បច្ចុប្បន្នសាកសពខាងលើ បានយកទៅតម្កល់នៅវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រង់ចាំសាច់ញាតិមកទទួល ធ្វើបុណ្យតាមប្រពៃណី ៕ដោយ សំណាង៩៦