បរទេស ៖ លោកនាយករដ្ឋមន្ត្រីក្រិកបាននិយាយថា «គ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុត មិនធ្លាប់មានរបស់ក្រិកដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៣ នាក់ គឺ ដោយសារតែកំហុសរបស់មនុស្សដ៏សោកនាដកម្ម»។
លោកគីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្ត្រី ប្រទេសក្រិក បាននិយាយបែបនេះបន្ទាប់ពីបានចុះទៅមើលកន្លែងបុកគ្នាកាលពីយប់ថ្ងៃអង្គារកន្លងទៅ រវាងរថភ្លើងដឹកអ្នកដំណើរនិងរថភ្លើងដឹកទំនិញ។
ចំណែកមន្ត្រីទទួលបន្ទុកផ្លូវដែកក្នុងស្រុកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនក្រិកបានលាលែងពីតំណែង។ ឯក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។
គ្រោះថ្នាក់នេះបានកើតឡើងនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារទី២៨កុម្ភៈ ឆ្នាំ២០២៣ រថភ្លើងដឹកអ្នកដំណើរដែលផ្ទុកមនុស្សប្រហែល ៣៥០ នាក់បានបុកជាមួយរថភ្លើងដឹកទំនិញ ខណៈវាចេញពីផ្លូវរូងក្រោមដីបន្ទាប់ពីចាកចេញពីទីក្រុងឡារីសសា (Larissa)។ តែគេនៅមិនទាន់ដឹងទេថា ហេតុអ្វីបានជារថភ្លើងទាំងពីរដំណើរការលើផ្លូវដែកតែមួយ។
មន្ត្រីផ្លូវដែក ដែលទទួលបន្ទុកផ្នែកផ្តល់សញ្ញា បានបដិសេធរាល់ការប្រព្រឹត្តខុសទាំងឡាយ និង ស្តីបន្ទោសគ្រោះថ្នាក់នេះទៅលើកំហុសបច្ចេកទេស។ បន្ទាប់ពីចុះទៅមើលដល់ទីតាំងកើតហេតុ លោកមីតសូតាគីសបាននិយាយថា «អ្វីគ្រប់យ៉ាងបានចង្អុលទៅ កំហុសរបស់មនុស្សដ៏សោកសៅ»។
លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យុត្តិធម៌នឹងធ្វើការងាររបស់វា, មនុស្សនឹងត្រូវចាប់ឱ្យទទួលខុសត្រូវ ចំណែករដ្ឋឈរនៅខាងប្រជាជន»៕ប្រែសម្រួល ដោយលោកសំណាង