ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បាក់ភ្លៅ និងត្រូវជង្គង់ដោយសារត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បន្ទាប់ពីជនរងគ្រោះបើកម៉ូតូរ៉ឺម៉កវិលត្រឡប់មកពីរើសអេតចាយវិញ ត្រូវបានមនុស្សមួយក្រុម មានឯកសណ្ឋានជានគរបាលជាស៊ីវិល ជាច្រើននាក់ ជិះម៉ូតូ និងរថយន្ត ដេញតាមរហូតដល់ផ្ទះប្រតាយប្រតប់គ្នាឈានដល់ផ្ទុះអាវុធជាច្រើនគ្រាប់ត្រូវចំជនរងគ្រោះ ហើយក្រុមប្រដាប់អាវុធទាំងនោះមិនទទួលខុសត្រូវ នាំគ្នារត់គេចបាត់អស់ ។
ហេតុការណ៍ខាងលើបានបង្កឱ្យផ្អើលអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ សុខមាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានប្រពន្ធ និងកូនប្រុសស្រី២នាក់ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកម៉ូតូរ៉ឺម៉កមកពីរើសអេតចាយឆ្ពោះទៅផ្ទះ ស្រាប់តែមានមនុស្សមួយក្រុម មានស្លៀកពាក់ឯកសណ្ឋានជានគរបាលផងមានស្លៀកពាក់ជាស៊ីវិលផង ជិះម៉ូតូ និងរថយន្តមួយគ្រឿង ដេញតាមរ៉ឺម៉កជនរងគ្រោះរហូតដល់ផ្ទះ សម្រុកចូលចាប់ជនរងគ្រោះ មិនដឹងថាមានរឿងអ្វីពាក់ព័ន្ធ តែជនរងគ្រោះរើបម្រាស់ ទើបប្រតាយប្រតប់គ្នា ស្រាប់តែពួកនោះស្លៀកឯកសណ្ឋាននិងជាស៊ីវិល ក្នុងក្រុមនោះដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យត្រូវចំជនរងគ្រោះ ចំនួន៣គ្រាប់ ភ្លៅស្តាំ២គ្រាប់ និងជង្គង់១គ្រាប់ រងរបួសធ្ងន់ធ្ងរ ។
បន្ទាប់ពីបង្កការផ្ទុះអាវុធត្រូវចំជនរងគ្រោះរបួសដេកដួលនៅកន្លែងភ្លាមៗនោះ ក្រុមប្រដាប់អាវុធទាំងនោះ នាំគ្នាជិះម៉ូតូបើករថយន្តគេចទៅបាត់អស់រលីង ពុំនៅទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារ ហៅរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទាំងក្តីឈឺចាប់ ៕ ដោយធ្នូជ័យ