ភ្នំពេញ ៖ មានករណីរឹតកប្លន់យករថយន្ដព្រូស អ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣ ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៣។
សមត្ថកិច្ចនិយាយថា កិច្ចប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ហើយការចុះបង្ក្រាបនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន ជាអនុប្រធាននាយកដ្ឋាន ។
សមត្ថកិច្ចបន្តថា កាលពីនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីយប់ នៅចំណុចភូមិទួលពង្រសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ០៣នាក់ បានហៅរថយន្តតាក់ស៊ីតាមរយៈApp របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត ឱ្យដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ។
ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ត្រូវជនសង្ស័យ៣នាក់នោះ បានធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹតកជនរងគ្រោះ ប៉ុន្តែឈ្មោះ លាប កំសាន្ត (ជន រងគ្រោះ) បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយ បណ្តាលឱ្យខូចខាតរថយន្តផ្នែកខាងមុខ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់ រត់គេចខ្លួនបាត់តែម្ដង។
សមត្ថកិច្ចបន្តថា លុះមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលនាយកដ្ឋានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន ១-ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ២-ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នកម្លាំងនាយកដ្ឋាន បាននិងកំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំដើម្បីនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្តតាមនីតិវិធី៕(ដោយ សំណាង៩៦)