កណ្តាល ៖ ជនសង្ស័យ៣នាក់ចំណោម៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២ និង០៥ នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ៤នាក់,ឃាត់ខ្លួន៣នាក់រួមមាន ១-ឈ្មោះ ឡេង ម៉េងសុង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល (អត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំ)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល២ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន , ២-ឈ្មោះ ហុង ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ,៣-ឈ្មោះ អុល ចិត្រា ហៅថយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត រស់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល (ឃាត់ខ្លួន)និង៤-ឈ្មោះ សៅ ម៉េងនាត ហៅម៉េង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងដកហូត ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច, ទូរសព្ទដៃ០២គ្រឿង, ម៉ូតូ០១គ្រឿងម៉ាកBeat ពណ៌ខៀវ-ស ស៊េរីឆ្នាំ២០២៣ គ្មានស្លាកលេខ , ឧបករណ៍ និង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងនគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានពីមហាជនល្អ ថាមានការជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិលនិង ប៉ុស្តិ៍ពេីក បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជាក់ស្តែងបានមុខសញ្ញាម្នាក់ឈ្មោះ អុល ចិត្រា ហៅទយ ដកហូតបានថ្នាំញៀន១កញ្ចប់តូច ។

ជនសង្ស័យបានឆ្លើយសារភាពថា«ពិតជាបានទិញថ្នាំញៀន១កញ្ចប់តូចតម្លៃ ១៦០០០រៀល ពីមុខសញ្ញាឈ្មោះ ហុង ពិសិទ្ធ និងឈ្មោះ សៅ ម៉េងនាត ហៅម៉េង និងកន្លងមកធ្លាប់ទិញពីឈ្មោះ ឡេង ម៉េងសុង ចំនួន១លេីក ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត ឈ្មោះ ហុង ពិសិទ្ធ និងឈ្មោះ ឡេង ម៉េងសុង ឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ឡេង ម៉េងសុង រកឃើញថ្នាំញៀន ចំនួន៥កញ្ចប់តូចទៀត ឧបករណ៍ និង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យឈ្មោះ ហុង ពិសិទ្ធ និងឈ្មោះ ឡេង ម៉េងសុង បានសារភាពថា«ធ្លាប់លក់ថ្នាំញៀន ៥ទៅ៦លើក មកហើយ»។
ចំពោះជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕(ដោយសំណាង៩៦)
