ភ្នំពេញ ៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ចំណោម៩នាក់ ត្រូវបាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួននាព្រឹកថ្ងៃទី២៥កុម្ភៈនេះ បន្ទាប់ពីបានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារកាត់អវយវៈ ឬ ពិការភាពដោយប្រើកាំបិត ប៉័ងតោកាប់ដាច់សរសៃ កដៃ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់និរោធខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៧វិច្ឆិកា ឆ្នាំ២០២២ ម៉ោង៤និង២០នាទីល្ងាច។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ប៉ុល ដេវីដ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករលើកដែកស្នាក់នៅផ្ទះលេខ១១៥ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ របួសដាច់សរសៃកដៃ បណ្តាលឱ្យពិការភាព។
ចំណែកជនសង្ស័យឃាត់ខ្លួន២នាក់រួមាន ១-ឈ្មោះ យឿង យ៉ាំងវី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន និង ២-ឈ្មោះ សុខ ហាវ ហៅណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ។ ទាំង០២នាក់ស្នាក់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិទៅលេងនៅម្តុំស្ថានីយ៍ទូរទស្សន៍បាយ័ន, ពេលនោះក៏ជួបជនសង្ស័យ១១នាក់ ឈ្មោះ យឿង យ៉ាំងវី, ឈ្មោះ សុខ ហាវ, ឈ្មោះ ដា, ឈ្មោះ ដាយ, ឈ្មោះ រ៉ូ និងបក្ខពួក ០៦នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូ ០៥គ្រឿង នៅចំណុចកើតហេតុ រួចជនរងគ្រោះក៏សួរថា «ហេតុអីថ្ងៃមុនពួកអ្ហែង យកមួកសុវត្ថិភាពវាយក្បាល ប្អូនអញ?» រួចក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែពួកជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំកដៃខាងឆ្វេងបណ្តាលឱ្យដាច់សរសៃ (ពិការភាព) រួចពួកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅ មន្ទីរពេទ្យជោរៃ (ដេរ ១៨ថ្នេរ)។ លុះដល់ថ្ងៃទី ២៥កុម្ភៈឆ្នាំ២០២៣ ម៉ោង១០និង៣០នាទី ជនរងគ្រោះ និងក្រុមគ្រួសារឃើញ ជនសង្ស័យ ០២នាក់ ឈ្មោះ យឿង យ៉ាំងវី និងឈ្មោះ សុខ ហាវ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនយកមកប្រគល់ឱ្យនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកបក្ខពួក០៩នាក់ទៀត គេចខ្លួនបាត់៕(ដោយ សំណាង៩៦)