កំពង់ស្ពឺ ៖ មានករណីម៉ូតូប៉ះជាមួយរថយន្តពីក្រោយ រួចខ្ទាតម៉ូតូនិងមនុស្សចូលក្រោមរថយន្ត ១គ្រឿងទៀត បណ្តាលយុវតីម្នាក់បាត់បង់ជីវិត កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦និង៥០នាទីល្ងាច លើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច បានឱ្យដឹងកាលពីថ្ងៃទី២៤កុម្ភៈថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា ស្កូពី ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1W-6840 អ្នកបើកបរឈ្មោះ វន រតនា ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅទិសខាងត្បូង ។
លុះមកដល់ចំណុចខាងលើបានប៉ះពីក្រោយរថយន្ត១គ្រឿង ម៉ាកFUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B-1313 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ដែលកំពុងចតលើផ្លូវ ពីជើងទៅត្បូងស្របទិសគ្នា រួចក៏ខ្ទាតម៉ូតូនិងមនុស្សចូលរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក ស្លាកលេខ មិនស្គាល់មិនអត្តសញ្ញាណអ្នកបើកបរ(បើករថយន្តគេចក្រោយពេលកើតហេតុ) បានជាន់មនុស្ស និងម៉ូតូ ដែលកំពុងបើកបរស្របទិសគ្នា ពីជើងទៅត្បូងបណ្តាលឱ្យឈ្មោះ វន រតនា បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។
បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើការវាសវែងរួច បានប្រគល់សពជួនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង ២គ្រឿង រក្សាទុកនៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ ដើម្បីស្រាវជ្រាវ កសាងសំណុំរឿងទៅតាមនីតិវិធី ៕ដោយធ្នូជ័យ