ព្រះសីហនុ ៖ ជនសង្ស័យជាស្ត្រីម្នាក់ និង បុរសទទួលផលចោរកម្មម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧ និង ៣០នាទីយប់ នៅចំណុចក្រុម១៧ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចនិយាយថា ដំបូងមានជនរងគ្រោះឈ្មោះ ហ៊ូ រ៉ាវុធ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ស្នាក់នៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា មានជនមិនស្គាល់អត្តសញ្ញាណលួចម៉ូតូ ០១គ្រឿង ម៉ាកHonda Dream ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1E-1686 នៅចំណុចក្រុម១៧ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១២និង៣០នាទីអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ប្រទះឃើញជនសង្ស័យមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព នៅចំណុចភូមិ១សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពីឃើញជនសង្ស័យ ជនសង្ស័យឈ្មោះ ហុក ស្រីណា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។សមត្ថកិច្ចក៏ហៅមកសាកសួរ ហើយជនសង្ស័យក៏បានសារភាពថា«ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើមែន»។
បន្ទាប់ពីការសាកសួរជនសង្ស័យ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនដែលទទួលបញ្ជាំ ម្នាក់ទៀតឈ្មោះ អឿប ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងដែលដកហូតបាន ម៉ូតូម៉ាក Honda Dream ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1E-1686 ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និង វត្ថុតាងខាងលើត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ សំណាង៩៦